(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា អ្នកលេងបណ្ដាញសង្គមខ្លះសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ទោះបីបំពានសិទ្ធិអ្នកដទៃ ប្រាសចាកពីសីលធម៌ វប្បធម៌ បាត់បង់តម្លៃជាស្ដ្រីខ្មែរ ព្រោះតែចង់បានចំនួនអ្នកមើលច្រើន។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះមុខអង្គពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពអនាធិបតេយ្យនៅបណ្ដាញសង្គម ដោយមនុស្សមួយចំនួនហាក់ធ្វើសកម្មភាពនានាប្រាសចាកសីលធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ បំពានសិទ្ធិអ្នកដទៃ ដើម្បីតែចំនួនអ្នកចូលទស្សនាលើវីដេអូរបស់ខ្លួន គោលបំណងស្វែងរកចំណូល ខណៈដែលហ៊ានសូម្បីតែធ្វើទង្វើអសីលធម៌។
ត្រង់នេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងលែងគិតពីរឿងអសីលធម៌ គុណធម៌អីហើយ ហើយគិតតែពីជ្រុងមួយហ្នឹងប្រហែលជាតិចទៀតរប៉ាតរប៉ាយហើយ។ រាប់ពាន់ឆ្នាំមុន ក៏មានប្រជាពលរដ្ឋខ្លះធ្វើសកម្មភាពរកស៊ីដូចឥឡូវ តែគេមានក្រមមួយដែលគ្រប់គ្រងដោយការអប់រំ និងសីលធម៌ គុណធម៌..តែបច្ចុប្បន្នអ្នកប្រើប្រាស់ហ្វេកប៊ុកឥឡូវប្រើជេរគ្នា បញ្ជោរគ្នា ហែកគ្នា ធ្វើអាក្រក់ កាត់តអីផ្សេងៗ...»។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាផ្សេងទៀតដែលអ្នកលេងបណ្ដាញសង្គមបានបង្កឡើង តួយ៉ាងដូចជាសកម្មភាពខ្លះក្មេងមើលងាយមនុស្សចាស់ ហើយអ្នកនយោបាយមួយចំនួនប្រើប្រាស់មធ្យោបាយអសីលធម៌ជាដើម។ «បើគិតថាប្រជាជនកម្ពុជារាប់លាននាក់ ចូលចិត្តសកម្មភាពអសីលធម៌បែបនេះ ក៏ធ្វើទៅ តែទង្វើបែបនេះ ខ្ញុំគិតថាមិនអាចតំណាងឱ្យប្រទេសទាំងមូល ប្រជាជនយើងទាំងអស់បានទេ»។ នេះបើតាមការសង្កត់ធ្ងន់បន្ថែម របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា សម្ដេចនៅតែមានគំនិតសុទិដ្ឋិនិយម បើទោះបីជាមានអ្នកព្យាយាមបង្កើតប្រធានបទក្ដៅទាក់ទាញអ្នកទស្សនាបានច្រើនក៏ពិតមែន ប៉ុន្តែមិនប្រាកដថាអ្នកមើលទាំងអស់នោះ ជឿទៅលើរឿងដែលគេរៀបចំឡើងនោះឡើយ៕