(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើនវិវឌ្ឍន៍ទៅមុខ លឿនរហ័ស មិនអាចរាំងខ្ទប់បានឡើយ ដូច្នេះដើម្បីការពារភាពឆបោក កេងប្រវ័ញ្ចដោយការ ប្រើបច្ចេកវិទ្យាជាមធ្យោបាយ គឺត្រូវប្រើច្បាប់រដ្ឋ និងការគ្រប់គ្រងផ្លូវចិត្ត។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ថ្ងៃមុនខ្ញុំបានចូលជាមួយអ្នកសារព័ត៌មាន ក្នុងទិវាសេរីភាពសារព័ត៌មាន គេបានលើកពីកង្វល់ថា ត្រូវធ្វើបែបណាដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីក (AI) ព្រោះការជឿនលឿននេះ ជាការបើកច្រកនៃការកេងប្រវ័ញ្ច ពីជនមួយចំនួនតាមបច្ចេកវិទ្យា។ ដោយមានអ្នកខ្លះបង្កើតរូបភាពដើរបោកប្រាស់លុយ, អ្នកខ្លះទៀតបង្កើតរូបភាពកាត់តអសីលធម៌ផ្សេងៗ បង្ករបង្កើតឲ្យមានភាពយល់ច្រឡំ ច្របូកច្របូល ក្នុងនោះសូម្បីថ្នាក់ដឹកនាំពិភពលោកមួយចំនួន ក៏បានចាញ់បោកបច្ចេកវិទ្យា AI នេះដែរ [....]។
សម្តេចមហាបវរធិបតីបានបន្ដថា តើត្រូវយ៉ាងណាដើម្បីគ្រប់គ្រងបញ្ហានេះ ដែលបង្ករឡើងកាន់តែគ្រោះថ្នាក់នេះ ព្រោះមនុស្សនៅសហរដ្ឋអាមេរិក មនុស្សនៅអាហ្វ្រិច អាចមកបំផ្លាញមនុស្សនៅភ្នំពេញ ឬសិង្ហបុរីបានត្រឹមរយៈពេលមួយភ្លេតប៉ុណ្ណោះ ដោយសារតែការបោកបញ្ចោតតាមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ បច្ចេកវិទ្យាកាន់តែជឿនលឿន AI កាន់តែដូចពិតៗ [......]។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ជាការពិតការវិវត្តន៍ជឿនលឿនអាចនឹងមានគ្រោះថ្នាក់ ប៉ុន្ដែតើដើម្បីជៀសវាងគ្រោះថ្នាក់យើងបិទចោលឬទេ ចម្លើយគឺអត់ទេយើងមិនអាចបិទវិទ្យាសាស្រ្ដមិនឲ្យដើរទៅមុខបាននោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺមានកត្តាសំខាន់២យ៉ាង ក្នុងការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ធំៗរួមមាន ១៖ ច្បាប់បទដ្ឋានគតិយុត្ត ក្នុងផ្នែកអាណាចក្រ ២៖ កត្តាសំខាន់ដែលមានឥទ្ធិពលបំផុតគឺ ការអប់រំ ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស»៕