(ព្រះវិហារ)៖ ​កំណាត់ផ្លូវខេត្ត ដែលជាផ្លូវយុទ្ធសាស្ត្រក្រវាត់តាមព្រំដែនកម្ពុជា ថៃ និងឡាវប្រវែងជាង ៣០គីឡូម៉ែត្រ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួស​ជុល ថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឈរជើងការពារតាមព្រំដែនមានភាពងាយស្រួល។​

លោក សំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៥ថា កំណាត់ផ្លូវខេត្តជាង ៣០គីឡូម៉ែត្រ ផ្លូវយុទ្ធសាស្ត្រតាមក្រវាត់ព្រំដែនកម្ពុជា ថៃ និងឡាវ ដែលមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលថែទាំរួមមាន៖

*កំណាត់ផ្លូវខេត្ត 2PVH3 ប្រវែង ១៧គីឡូម៉ត្រ ស្ថិតនៅជើងភ្នំប្រាសាទព្រះវិហារព្រំដែនកម្ពុជា-ថៃ ក្នុងឃុំស្រអែម
*កំណាត់ផ្លូវខេត្ត 2PVH7 ប្រវែង​ ១៥.៧៩គីឡូម៉ែត្រ ព្រំដែនកម្ពុជា ថៃ និងឡាវ ស្ថិតនៅតំបន់មុំបី ក្នុង​ឃុំ​មរកត ស្រុក​ជាំក្សាន្ត​។​

លោក សំ លាងទ្រី បានថ្លែងប្រាប់ថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ​ដែលគ្រប់គ្រងដោយមន្ទីរ​ធ្វើយ៉ាងណាមិនឱ្យមានគ្រលុកសំបុកមាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមព្រំដែនមានភាពងាយស្រួលផងដែរ។​

ប្រធានមន្ទីរ​សាធារណការ​ខេត្តព្រះវិហា បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លុវថ្នល់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបអូរ លុបប្រឡាយទឹក កុំយកដីចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ​ ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរវ៉ាជែងទាំងប្រថុយប្រថាន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕