(ភ្នំពេញ)៖ ស្ថានទូតបារាំងនៅកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីរម្លឹកខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏សោកសង្រេងដែលបានកើតឡើងនៅស្ថានទូតបារាំងនៅឆ្នាំ១៩៧៥ និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ទាំងអស់នៃរបបខ្មែរក្រហម។
ពិធីជួបជុំនេះ ដែលមានទាំងការឧទ្ទិសកុសលតាមបែបព្រះពុទ្ធសានាដល់អ្នកបាត់បង់ជីវិតផងនោះ បានប្រព្រឹត្តិទៅក្រោមវត្តមានលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីបុគ្គលិកស្ថានទូត អ្នកនៅរស់រានមានជីវិត សាក្សី សមាជិកអង្គការសង្គមស៊ីវិល និងតំណាងស្ថានទូតនានា។
ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៧៥ មនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតបារាំង ជាស្ថានទូតតែមួយគត់ ដែលពួកគេនៅអាចចូលបាន ដោយសង្ឃឹមថា នឹងទទួលបានការការពារនៅទីនោះ។ នៅក្នុងស្ថានភាពដ៏លំបាកក្រៃលែង ស្ថានទូតបានទទួលពលរដ្ឋបារាំងជាង៥០០នាក់ ដែលនៅមានវត្តមាននៅកម្ពុជា និងជនបរទេសជាង១០០នាក់ នៃប្រទេស២០ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់ទៀត ក្នុងនោះក៏មានសមាជិកគ្រួសាររាជវង្ស និងឥស្សរជនសម័យសាធារណៈរដ្ឋ ដែលបានមកស្វែងរកកន្លែងសុវត្ថិភាព។ គេពិបាក ឬមិនអាចកំណត់ចំនួនពិតប្រាកដ នៃជនភៀសខ្លួនជ្រកកោននៅស្ថានទូត ព្រោះចំនួននេះប្រែប្រួលជានិច្ចទៅតាមការមកដល់ និងការចាករបស់ជនភៀសខ្លួន។
ក្នុងរយៈពេលជាងពីរសប្តាហ៍ ស្ថានទូតបារាំង បានក្លាយទៅជាទីកន្លែងហ៊ុមព័ទ្ធមួយ ដែលចុងក្រោយជួបវាសនាដ៏សោកសៅ ជាមួយការចាកចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥។ សោកនាដកម្មនេះត្រូវបានចងក្រងទុកយ៉ាងទូលំទូលាយតាមរយៈស្នាដៃសៀវភៅ (ពិសេសសៀវភៅមានចំណងជើងថា «ទ្វាររបង» របស់លោក François Bizot) ខ្សែភាពយន្ត (ដូចជារឿង «វាលពិឃាដ» របស់លោក Roland Joffé) សៀវភៅគំនូរ (របស់លោក Séra) ក៏ដូចជាសក្ខីកម្មជាច្រើនទៀត។ ទោះបីកន្លងទៅច្រើនទសវត្សរ៍ក្តី ក៏ការចងចាំពីព្រឹត្តិការណ៍ទាំងនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ច។ លោកឯកអគ្គរដ្ឋទូតបារាំងបានរម្លឹកថា៖ «យើងត្រូវតែចងចាំព្រឹត្តិការណ៍ទាំងនេះ។ ការចងចាំនេះ គឺមិនមែនមានន័យថា ដើម្បីជាប់ឃុំក្នុងអតីតកាលនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យភ្លេចប្រវត្តិសាស្រ្ត»។ លោកបានបញ្ជាក់បន្ថែមថា ប្រវត្តិសាស្រ្ត បារាំង-កម្ពុជា ត្រូវបានដិតដាមដោយហេតុការណ៍ទាំងនេះ។
លោក ហ្សាក់ ប៉ឺឡេ ក៏បានគូសបញ្ជាក់ផងដែរពី ដែនកំណត់នៃសកម្មភាពរបស់រដ្ឋាភិបាលបារាំងនៅពេលនោះ ទោះបីប្រទេសបារំាង បានផ្តល់សិទ្ធិជ្រកកោនដល់សកម្មជន ប្រឆាំងឈីលី៣០០នាក់ ក្រោយរដ្ឋប្រហារឆ្នំា១៩៧៣ក្តី ក៏បារាំងមិនអាចផ្តល់ការកាពារតាមការរំពឹងទុក ចំពោះពលរដ្ឋកម្ពុជាប្រមាណ៦០០នាក់ ដែលបានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតខ្លួននៅភ្នំពេញបានដែរ។
លោកបានលើកឡើងថា៖ «ព្រឹត្តិការណ៍ដែលកើតឡើង រយៈពេលច្រើនខែក្រោយមក បានបញ្ជាក់កាន់តែច្បាស់ថា គេមិនអាចចរចាអ្វីជាមួយពួកខ្មែរ ក្រហមបានឡើយ។ ជាការពិត មានសំណួរដ៏ឈឺចាប់មួយដែលនៅតែចោទឡើង៖ តើយើងអាចធ្វើអ្វីបានប្រសើរជាងនេះដែរឬទេកាលនោះ? អំពើប្រល័យពូជសាសន៍ដែលបានកើតឡើងក្រោយមក អាចឱ្យយើងសន្និដ្ឋានថា ប្រហែលមិនអាចទេ»។ ពិធីនៅថ្ងៃនេះក៏មានគោលបំណងរម្លឹកផងដែរ ដល់បុគ្គលិកស្ថានទូត និងពលរដ្ឋបារាំង ដែលទោះបីជាស្ថិតក្នុងស្ថានភាពមួយដ៏តានតឹង បានបង្ហាញសេចក្តីក្លាហាន ដើម្បីជម្នះការលំបាកប្រចាំថ្ងៃ មិនអាចពណ៌នាបាន។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងប្រវត្តិសាស្រ្តរវាងប្រទេសបារំាង និងកម្ពុជា ជាពិសេសពីសាមគ្គីភាពដែលបារាំងបង្ហាញចំពោះកម្ពុជា តាមរយៈការទទួលយកជនភៀសខ្លួនកម្ពុជាជាច្រើនពាន់នាក់ (មួយម៉ឺននាក់បើគិតត្រឹមតែចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៨) ការដើរតួនាទីសំខាន់ ក្នុងការចរចាដែលនាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ និងការគាំទ្រដ៏សកម្មដល់ការកសាងប្រទេសកម្ពុជាឡើងវិញ ក៏ដូចការផ្តួចផ្តើមគំនិតថ្មីៗផ្សេងទៀតផ្នែកមនុស្សធម៌។ លោកទូតបានបញ្ជាក់ពីសម្ទុះដ៏ប្រសើរនៃសាមគ្គីភាពមួយ ដែលបន្តមាននៅពេលបច្ចុប្បន្ន តាមរយៈវត្តមានរបស់អង្គការសង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តបារាំង។
គួរបញ្ជាក់ថា នៅពេលការបើកដំណើរការស្ថានទូតបារាំងឡើងវិញនៅឆ្នាំ១៩៩៥ អតីតទ្វាររបងមួយចំហៀងរបស់ស្ថានទូត ដែលជាច្រកឆ្លងកាត់នៃក្តីសង្ឃឹម និងក្តីអស់សង្ឃឹម ត្រូវបានជួសជុលឡើងវិញ។ បច្ចុប្បន្ន អតីតទ្វារនេះត្រូវបានរក្សាទុកនៅក្នុងឧទ្យានស្ថានទូត ដើម្បីជាកន្លែងរម្លឹកការចងចាំ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ល្ងាចនេះ យើងចង់រម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានចាកចេញទៅ។ ខ្ញុំសូមប្រើពាក្យនេះរបស់លោក Séra (សិល្បករបារាំង-ខ្មែរ ដែលបានជ្រកកោននៅស្ថានទូតកាលពីឆ្នាំ១៩៧៥)។ ពោលគឺរម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់ពលរដ្ឋកម្ពុជាដែលត្រូវចាកចេញពីស្ថានទូត ក៏ដូចជាពលរដ្ឋបារាំងដែលបានបាត់ខ្លួនប្រមាណ១០០នាក់ ដោយសារមិនអាចមកដល់ស្ថានទូតទាន់ពេលវេលា។ យើងសូមបង្ហាញក្តីនឹករលឹកដោយសាមគ្គីភាព បំផុតដល់ពួកគេ និងសាច់ញាតិក្រុមគ្រួសារ»។
សូមជម្រាបដែរថា ក្នុងឱកាសខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញនេះ ស្ថានទូតបារាំង ក៏បានសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីរៀបចំផងដែរនូវការតាំងពិព័រណ៍រូបថត សន្និសីទ និងការចាក់បញ្ចាំងភាពយន្តពាក់ព័ន្ធខ្មែរក្រហម។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលដៅរក្សាការចងចាំពី ព្រឹត្តិការណ៍ដ៏សោកនាដកម្មនៅជំនាន់នោះ បញ្ជ្រាបប្រវត្តិសាស្រ្តនេះដល់មនុស្សជំនាន់ក្រោយ និងបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ ប្រទេសបារំាង ចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត៕