(កណ្ដាល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង «ការពង្រីកកាលា នុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តី រើសគោមផ្កា (ចរបាប់)» ដែលនឹងអនុវត្ត នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»

បន្ថែមពីនោះទៀត គម្រោងនេះ មានការរួមបញ្ចូល ជាមួយបច្ចេកវិទ្យាឌីជីថលទំនើប ដែលផ្តោតលើការភ្ជាប់រវាង «ប្រពៃណី និងការច្នៃប្រឌិត» ដើម្បីរួមចំណែកថែរក្សា និងផ្តល់តម្លៃដល់កេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុក។ នេះជាការគូសបញ្ជាក់ របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

បើតាមលោកស្រីរដ្ឋមន្ដ្រី, យើងទាំងអស់គ្នាទទួលស្គាល់ថា ស្រ្តីកម្ពុជាពិតជាមានស្នាដៃដ៏ប៉ិនប្រសប់ និងចំណេះដឹងដ៏ជ្រាលជ្រៅ ក្នុងការត្បាញក្រណាត់ ដែលជាអត្តសញ្ញាណខ្មែរ ដោយបានបង្កើតនូវក្បាច់ក្បូររចនា ដែលជាវាយនភណ្ឌដ៏ប្រណិត ដែលបានបង្ហាញអំពីប្រវត្តិសាស្រ្ត សិល្បៈ និងព្រលឹងស្មារតីរបស់ជាតិ។

សំពត់ចរបាប់ ឬអ្នកខ្លះហៅសំពត់នេះថា «សារបាប់»«ចារបាប់» ផងនោះ តាំងពីបុរាណមក សរសៃដែលគេយកមកត្បាញ ពុំមែនតែសរសៃសូត្រប៉ុណ្ណោះទេ គឺមានលាយឆ្លាស់គ្នា ជាមួយចេសពណ៌មាស ឬពណ៌ប្រាក់ ញឹកឬរង្វើលតាមក្បាច់គោមដែលចង់លើកនោះ។

សម្រាប់សិល្បៈនៃការត្បាញ «ចរបាប់» ដែលត្រូវការជំនាញរចនាបទខ្ពស់ និងពណ៌ស្រស់ស្អាត គឺជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់យើង ដែលមានប្រវត្តិច្រើនជំនាន់មកហើយ។ នេះជាការលើកឡើង របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

លើសពីនោះទៀត លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា សំពត់ដ៏ល្អប្រណិតនេះ ត្រូវបានរក្សាទុកសម្រាប់ព្រះរាជវង្សតាមប្រពៃណី ប៉ុន្តែបច្ចុប្បន្នចរបាប់ ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍និងពិធីធំៗរបស់សង្គមយើង ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ដែល តំណាងឱ្យទាំងប្រពៃណីបូរាណ និងសម័យទំនើប។

ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏សូមលើកទឹកចិត្តដល់បងប្អូនស្រ្តី ក្រុមតម្បាញ សូមប្រើប្រាស់នូវឱកាស និងមធ្យោបាយដែលផ្តល់ដោយគម្រោង សម្រាប់ការអភិវឌ្ឍ និងបញ្ចេញនូវសមត្ថភាព សក្តានុពល និងទេពកោសល្យរបស់ខ្លួន ដើម្បីខ្លួនឯងផង សហគមន៍ផង និងឈានទៅការ ថែរក្សាប្រពៃណីមករតកដូនតាយើងផង។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏សូមក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្តកណ្តាល និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគម្រោងនេះ៕