(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ចំនួន១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋបាលរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងក្រៅ ប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណង លើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការបោះឆ្នោតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កេីត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គណៈកម្មាធិការ នៃការបោះឆ្នោតនាព្រឹកនេះ មានចំនួន ៣៥ លើ ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះ មកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្ម កម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។

បេក្ខជន នៃការបោះឆ្នោតនេះមានចំនួន២រូប គឺទី១៖លោក ឌី រតនា និងទី២៖លោក លន់ សុភាព។ ចំពោះលទ្ធផល នៃការបោះឆ្នោតបានទៅលើលោក លន់ សុភាព ដែលមានសំឡេងឆ្នោត ចំនួន២៤ លើ១១សំឡេង។ ដោយលោក ឌី រតនា លេខរៀងទី១ ទទួលបានតែ១១សំឡេង។

សូមជម្រាបថា លោក ឌី រតនា អាយុ៣៩ឆ្នាំ ឈរលេខរៀងទី១ មានកម្រិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ «គ្រប់គ្រង និងផែនការអប់រំ» និងលោក លន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំ ឈរលេខរៀងទី២ មានកម្រិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និងមនុស្សសាស្ត្រ និងនីតិសាស្រ្ត៕