(កំពង់ស្ពឺ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យនគរបាល និងមន្រ្តីជំនាញ ចុះទៅពិនិត្យជាក់ស្តែងនៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយស្រ្តីម្នាក់បានប្តឹងដោយសារកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួន អាយុ១៧ឆ្នាំបានស្លាប់គួរឲ្យអាសូរយ៉ាងពន់ពេក ពេលទៅទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
មន្រ្តីសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ថា ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋលើបញ្ហានេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញចុះទៅពិនិត្យនៅមន្ទីរពេទ្យផ្ទាល់តែម្តង។
សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ម្ចាស់មន្ទីរពេទ្យមួយនេះជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួង និងនៅមន្ទីរសុខាភិបាលខេត្ត។
សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានពាក្យប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បន្ទាប់ពីយកកូនស្រីឈ្មោះ សារ៉ាន់ ធីតាពិសី វ័យ១៧ឆ្នាំ ទៅសម្រាកព្យាបាល ប៉ុន្ដែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ព្យាបាលសង្ស័យរធ្វេសប្រហែស និងមិនមានវិជ្ជាឃជីវៈបណ្ដាលឲ្យកូនស្រីរបស់ខ្លួនស្លាប់។
យោងតាមពាក្យបណ្ដឹងប្ដឹងចូលនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន បានរៀបរាប់ថា មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ដែលមានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូងក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។
នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង។ ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថា អាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបាន។
ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា ថប់ៗពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។
នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើរថយន្ដបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។
ជុំវិញករណីនេះ ខាងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បានផ្ញើលិខិតកិច្ចព្រមព្រៀងនៃការព្យាបាលយុវតី សារ៉ាន់ ធីតាពិសី ដែលមានស្នាមផ្តិតមេដៃពីសំណាក់ឪពុករបស់នាង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ខ្លួនមិនទៅព្យាបាលបន្តនៅភ្នំពេញទេ និងសុខចិត្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែម្តាយយុវតីរងគ្រោះ បានប្រាប់ថា ការបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារគ្រូពេទ្យអះអាង និងធានាថា កូនស្រីរបស់ខ្លួនអាចព្យាបាលជា ត្រឹមពេល៥ថ្ងៃ និងថាគាត់ជាគ្រូពេទ្យខាងបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែតទៀតផង។