(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ថា បច្ចុប្បន្ននេះអន្ដរជាតិបានទទួលស្គាល់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូប នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ឬអាស៊ាន។

ការលើកឡើងរបស់លោក ជា ធីរិទ្ធ តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីលទ្ធផលនៃការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូនេស៉ី និងទីម័រឡេស្ដេ ក្រោយសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

លោកបានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នគេទទួលស្គាល់សម្ដេចតេជោ ហ៊ុន សែន គឺជាមនុស្សដែលមានឥទ្ធិពលនៅក្នុងតំបន់អាស៉ី-អាគ្នេយ៍។ ឆ្លងតាមនយោបាយការបរទេស និងភាពសកម្មរបស់កម្ពុជា ដែលមិនត្រឹមតែនាំសន្ដិភាពសម្រាប់ប្រទេសរបស់ខ្លួនទេ ប៉ុន្ដែបានចូលរួមលើឆាកអន្ដរជាតិ»។

អ្នកនាំពាក្យព្រឹទ្ធសភាដែលមានថ្វីមាត់រូបនេះ បានបង្ហាញនូវហេតុផល២យ៉ាង ដែលធ្វើឲ្យអន្ដរជាតិទទួលស្គាល់ពីភាពខ្លាំងរបស់សម្ដេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជាទាំងមូល ក្នុងនោះរួមមាន៖

*ទី១៖ តួអង្គរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ ពោលជាសច្ចៈប្រវត្តិសាស្ដ្រដែលជារឿងមិនអាចប្រកែកបាន ដោយសារសម្ដេចតេជោ ហ៊ុន សែន ជាអ្នករំដោះប្រជាជនកម្ពុជា និងនាំកម្ពុជាឲ្យចាកចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាពដូចសព្វថ្ងៃនេះ

*ទី២៖ នយោបាយការទូតរបស់កម្ពុជា ដែលមានភាពសកម្មនៅលើឆាកអន្ដរជាតិ។

បើតាមលោក ជា ធីរិទ្ធ, សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីនាំមកនូវសន្ដិភាពពេញលេញជូនកម្ពុជា នោថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ បានពង្រីកខ្លួនកម្ពុជា តាមរយៈការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ដើម្បីជាឱកាសមួយចំនួនទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ លោកបន្ដថា កម្ពុជាធ្លាប់ត្រូវបានគេទម្លាក់តម្លៃក្រោមសូន្យ ចាប់ផ្ដើមងើបឡើងវិញ រហូតដល់មានមុខមាត់ ស្មើមុខ ស្មើមាត់ជាមួយបណ្ដាប្រទេសដទៃនៅលើឆាកអន្ដរជាតិ៕