(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយសមាគមអប់រំសីលធម៌អន្ដរជំនាន់ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអប់រំបំនិនជីវិតសង្គម ក្រោមប្រធានបទ៖ «គុណតម្លៃនៃវិសាខបូជា និងសីលធម៌សង្គម» នៅវិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្រោមអធិបតីភាពលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងលោកបណ្ឌិត ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញនិងជាប្រធានកម្មវិធីឱវាទសាសនា នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រី ជាសាស្រ្តាចារ្យ យុវជនកាកបាទកក្រហម កាយរឹទ្ធិរៀមច្បង កាយរឹទ្ធិ និងសិស្សានុសិស្សសរុបប្រមាណ ២០០នាក់។
កម្មវិធីនេះ រៀបចំដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព បណ្តុះគុណធម៌ សីលធម៌ដល់យុវជនបន្តវេន ក្នុងគោលបំណង៖
ពង្រីកការយល់ដឹងពីគុណតម្លៃនៃវិសាខបូជាឱ្យកាន់តែច្បាស់ដល់យុវជន
ពង្រឹងសីលធម៌យុវជនបន្តវេនឱ្យមានប្រសិទ្ធភាព
ចូលរួមថែរក្សាសុខដុមនីយកម្មសង្គមក្រោមម្លប់សន្តិភាព។
លោក ង៉ែត ចាន់សុខ ថ្លែងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គមដោយផ្អែកលើចំណេះដឹងបាន ចាក់ឫសយ៉ាង ជ្រៅ ក្នុងចក្ខុវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ក្នុងការបង្កើត និងអភិវឌ្ឍធន ធាន មនុស្ស ប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ខ្ពស់។ រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡាបានឆ្លងកាត់ការធ្វើកំណែទម្រង់ជាច្រើនដំណាក់កាល និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។
ក្នុងនោះដែរ ការបណ្តុះបណ្តាលយុវជនឱ្យមាននូវចរិយាសម្បទា សីលសម្បទា គុណសម្បទា ក៏ជាចំណុចស្នូលមួយ ដែល ក្រសួង យកចិត្តទុកដាក់ខ្ពស់។
ក្នុងវិស័យអប់រំ ការអប់រំសីលធម៌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអប់រំចិត្ត បណ្តុះគុណធម៌ ចរិយា មារយាទ សីលធម៌ដល់កុមារ និងយុវជនទាំងពេលបច្ចុប្បន្ន នឹងទៅអនាគតផងដែរ។ ការអប់រំសីលធម៌ មានរបៀប ផ្សេងៗគ្នាជាច្រើនដែលគេតែងតែយកមកប្រើទៅតាមបរិបទនៃតំបន់នីមួយ២។ ដោយឡែកនៅប្រទេសកម្ពុជា ភាគច្រើនគឺផ្តោតទៅលើការអប់រំសីលធម៌តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណី វប្បធម៌ជាតិ ដោយហេតុថា ប្រជាជនខ្មែរភាគច្រើនលើសលប់គោរពប្រតិបត្តិព្រះពុទ្ធសាសនា ហើយបានយកពុទ្ធឱវាទមកធ្វើជាមូលដ្ឋាន ក្នុង ការអប់រំក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។
ព្រមជាមួយគ្នានោះ លោក បណ្ឌិត ឈួរ សុបញ្ញា លើកឡើងថា សម័យមុនសាលារៀនភាគច្រើនស្ថិតនៅក្នុងវត្ត ដូច្នេះកុមារនិងយុវជនខ្មែរបានទៅសិក្សានៅតាមវត្តអារាម ដើម្បីក្រេបយកចំណេះវិជ្ជា និងជំនាញផ្សេងៗជាច្រើន ដែលអាចយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន ហើយ អ្វី ដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ ពោលគឺពួកគេមានទាំងចំណេះដឹង ការប្រតិបត្តិសីលធម៌ និងចរិយាធម៌ ដែលនំាឱ្យពួកគេក្លាយទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
លោកបន្តថា បច្ចុប្បន្ន ការអប់រំ មានការីក ចម្រើននៅ គ្រប់ ទីកន្លែង ហើយសាលារៀននិងវត្តអារាម ក៏បានឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗ ចំណែកឯការអប់រំសីលធម៌តាមបែបព្រះ ពុទ្ធ សាសនា តាមរយៈព្រះសង្ឃនោះ ក៏បានឃ្លាតឆ្ងាយពីសិស្សានុសិស្ស និងយុវជនខ្មែរដោយអន្លើផងដែរ។
ក្នុងសម័យបច្ចេកវិទ្យាឌីជីថល យើងសង្កេតឃើញថា ការផ្តល់ចំណេះដឹងផ្នែកសីលធម៌ និងការអប់រំចិត្ត មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់កុមារនិងយុវជនបន្តវេន។ ទន្ទឹមគ្នានេះដែរ ព្រះសង្ឃនិងអ្នក ជំនាញ ផ្នែកអប់រំសីលធម៌ ក៏ពុំទាន់អាចចុះទៅអប់រំគ្រប់សាលារៀនឱ្យបានគ្រប់ទិសទី បើបានចុះទៅសាលា ទាល់ តែមានកម្មវិធីនិមន្តព្រះសង្ឃចុះទៅ។ ដូច្នេះ ដើម្បីជំរុញឱ្យកុមារ និងយុវជនទទួលបានការបណ្តុះបណ្តាល គួរតែមានការបញ្ជ្រាបគោលការណ៍អប់រំនេះតាមសាលា (ក្រៅម៉ោង)បន្ថែមទៀត ហើយដើម្បីឱ្យមានប្រសិទ្ធភាព នោះ គឺភ្ជាប់ការបណ្តុះបណ្តាលការអប់រំចិត្តនិងការអប់រំសីលធម៌ដល់សមាជិកអ្នកបន្តវេនទាំងអស់ ជាពិសេស គឺ នៅ តាមគ្រឹះ ស្ថាន បណ្តុះបណ្តាលសាធារណៈរបស់រដ្ឋ និងឯកជន ដើម្បីឱ្យពួកគេទទួលបាន នូវរបៀប នៃការរស់នៅ ក្នុង សង្គមប្រកបដោយសីលធម៌ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ជាលទ្ធផល ក្រោយការអប់រំសីលធម៌នេះ សិស្សានុសិស្សទទួលបាននូវ៖
១៖ ចំណេះដឹងស្តីពីគុណតម្លៃនៃវិសាខបូជា និងសីលធម៌សង្គមបានច្បាស់លាស់ ជាពិសេសការចូលរួមព្រឹត្តិការណ៏វិសាខបូជា
២៖ មូលដ្ឋាននៃគំនិតក្នុងការប្រែក្លាយជាមូលធនមនុស្សប្រកបដោយគុណធម៌ សីលធម៌ អាចចូលរួមក្នុងការថែរក្សានូវសុខដុមនីយកម្មសង្គមបានល្អប្រសើរ
៣៖ ក្លាយជាយុវជនគម្រូក្នុងនាមជាសមាជិកអ្នកបន្តវេនប្រកបដោយប្រសិទ្ធភាពខ្ពស់
៤៖ ក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងជាប្រជាពលរដ្ឋល្អ សម្រាប់គ្រួសារ និងសង្គមជាតិ៕