(កំពង់ស្ពឺ)៖ មន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញបំភ្លឺពាក់ព័ន្ធការស្លាប់របស់យុវតីម្នាក់ ដែលទទួលសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។
តាមលិខិតបំភ្លឺរបស់មន្ទីរពេទ្យ ដែលអង្គភាពព័ត៌មាន ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា
ក្មេងស្រីឈ្មោះ សារ៉ាន់ ធីតាពិសី អាយុ១៦ឆ្នាំ ដែលមានអាសយដ្ឋាននៅបុរីឈុនទី ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១២៖២០នាទីរសៀល ដោយមូលហេតុ ហត់ខ្លាំង ក្រោយពីគាត់ មានអាការៈ ក្តៅខ្លួន និងណែនទ្រូងរយៈពេល៣ថ្ងៃកន្លងមកហើយ។
ក្រោយពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ បានពិនិត្យ និងវាយតម្លៃឃើញថា ក្មួយស្រីមានស្ថានភាពធ្ងន់ធ្ងរ ខាងក្រុមគ្រូពេទ្យ បានធ្វើការពន្យល់ដល់ក្រុមគ្រួសាក្មេងស្រីអំពីស្ថានភាពធ្ងន់ធ្ងរនេះ ដែលអាចមានគ្រោះថ្នាក់គ្រប់ពេល។
ក្រុមគ្រូពេទ្យបានណែនាំក្រុមគ្រួសារក្នុងការបញ្ជូនក្មេងស្រីអ្នកជំងឺទៅព្យាបាលបន្តនៅមន្ទីរពេទ្យថ្នាក់ជាតិ នៅឯទីក្រុងភ្នំពេញ។ ប៉ុន្តែក្រុមគ្រួសាររបស់ក្មេងស្រី បានបដិសេធក្នុងការបញ្ជូននេះ និងបានស្នើសុំធ្វើការព្យាបាលនៅ មន្ទីរពេទ្យ ខេ អេស កំពង់ស្ពឺបន្ត ព្រមទាំងបានធ្វើកិច្ចសន្យាព្រមព្រៀងទទួលការព្យាបាលករណីជំងឺធ្ងន់ (មានភ្ជាប់កិច្ចសន្យាព្រមព្រៀងព្យាបាលករណីជំងឺធ្ងន់ និងការបដិសេធ ក្នុងការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ត) នៅវេលាម៉ោង ២០៖១០នាទីយប់ ក្មេងស្រីអ្នកជំងឺមានស្ថានភាព មិនធូរស្រាល និងធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ក្រុមគ្រួសារម្ដងទៀតក្នុងការបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ។
ក្មេងស្រីបានទៅដល់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ២០៖៣០នាទីយប់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ខេអេស ទៅជាមួយអ្នកជំងឺ និងបានចូលរួមជួយសង្គ្រោះជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ យ៉ាងយកចិត្តទុកដាក់បំផុត។
ដោយស្ថានភាពក្មេងស្រីធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យពុំអាចសង្គ្រោះបាន អ្នកជំងឺក៏បានទទួលមរណៈភាព នៅវេលាម៉ោង ២២៖០០នាទីយប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ម្តាយរបស់យុវតីដែលបានស្លាប់ បានដាក់ពាក្យបណ្តឹងនៅនគរបាលមូលដ្ឋាន ព្រោះតែការធ្វេសប្រហែស និងព្យាបាលឲ្យកូនស្រីរបស់ខ្លួនស្លាប់ ពោលមុនពេលទៅព្យាបាល កូនស្រីមានស្ថានភាពវិលមុខ ក្អួត និងឈឺក្បាល តែពេលទៅដល់មន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យព្យួរសេរ៉ូមដោយចាក់ថ្នាំចូលនៅក្នុងប្លោកដាក់សេរ៉ូម ចាក់ត្រកៀក និងឲ្យលេបថ្នាំទៀតផង ទើបបណ្តាលឲ្យកូនស្រីថប់ដង្ហើមស្លាប់តែម្តង។
សម្រាប់ហេតុផលថា គាត់យល់ព្រមទុកកូនស្រីឲ្យនៅព្យាបាលក្នុងមន្ទីរពេទ្យព្រោះគ្រូពេទ្យអះអាង និងធានាថា៥ថ្ងៃទៀត នឹងព្យាបាលជាហើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ស្រ្តីជាម្តាយ៕