(ព្រះវិហារ)៖ នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ និង​អង្គការមន្ទីរពេទ្យកុមារអង្គរ បានរៀបចំសិក្ខាសាលាបិទបញ្ចប់កម្មវិធីសង្គ្រោះទារក ក្រោមវត្តមានលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ, លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងមន្ត្រីសុខាភិបាល ខេត្តព្រះវិហារ និងអង្គការមន្ទីរពេទ្យកុមារអង្គរ ជាច្រើនរូប។​

កម្មវិធីសង្គ្រោះទារក គឺជាកម្មវិធីដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងអង្គការមន្ទីរពេទ្យកុមារអង្គរ ជាមួយមន្ទីរសុខាភិបាលខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតគំរូ នៃកម្មវិធីសង្រ្គោះទារក (SBL blueprint) ដើម្បីកាត់បន្ថយអត្រាមរណភាពជុំវិញកំណើតទារក នៅក្នុងខេត្តព្រះវិហារ តាមរយៈការបង្កើតកញ្ចប់សុខភាពសហគមន៍ដ៏ទូលំទូលាយ ដោយប្រើប្រាស់អន្តរាគមន៍ផ្នែក វេជ្ជសាស្រ្ត និងសង្គមដែលជាការចូលរួមចំណែក ធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ របស់ក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងលើកឡើងអំពីចំណុចសំខាន់ចំនួន៣ របស់គម្រោងរួមមាន ទី១៖ ថ្នាក់មន្ទីរពេទ្យបង្អែក៖ ធ្វើការសិក្សាវាយតម្លៃលើផ្នែកចំណេះដឹង អាកប្បកិរិយា ការអនុវត្តការងារ សម្ភារៈ និងបុគ្គលិកមន្ទីរពេទ្យ ផ្តល់ការបណ្តុះបណ្តាល ទារក វគ្គបណ្តុះបណ្តាល វគ្គអនុវត្តគ្លីនិក ការតម្លែងផ្នែកថែទាំ បង្វឹកនៅនឹងកន្លែង និងការបណ្តុះបណ្តាលគ្រូបង្គោល, ទី២៖ ថ្នាក់មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព៖ ធ្វើការសិក្សាវាយតម្លៃលើផ្នែកចំណេះដឹង អាកប្បកិរិយា ការអនុវត្តការងារ សម្ភារៈ និងបុគ្គលិកមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ដើម្បីស្វែងយល់ពីចំណុចខ្លាំង និងចំណុចដែលត្រូវធ្វើឲ្យប្រសើរឡើង រួមទាំងការបណ្តុះបណ្តាល និងការផ្តល់សម្ភារៈផងដែរ និងទី៣៖ ថ្នាក់សហគមន៍៖ បង្កើតកម្មវិធីការផ្សាភ្ជាប់ជាមួយសហគមន៍ ដោយធ្វើការជាមួយក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីកំណត់បញ្ហាសុខភាពទារកក្នុងសហគមន៍ ដោះស្រាយកង្វល់ ឬបញ្ហារបស់សហគមន៍ពាក់ព័ន្ធនឹងការសម្រាល និងការថែទាំទារកអាយុក្រោម ២៨ថ្ងៃ។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរ វាងមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ ដែលជំរុញឲ្យគម្រោងកម្មវិធីទាំងមួយទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ លោកបានលើកឡើងពីការឆ្លុះបញ្ចាំង និងលទ្ធផលរបស់គម្រោង ដែលក្នុងនោះរួមមានចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងផែនការបន្ត ដើម្បីរក្សានូវនិរត្តរភាព និងវឌ្ឍនភាពភាពរបស់គម្រោងផងដែរ។

លោក យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងពីសារៈសំខាន់របស់វិស័យសុខាភិបាល ក្នុងខេត្តព្រះវិហារ ជាពិសេសគម្រោងកម្មវិធីសង្គ្រោះទារក គឺបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋ ដែលឈានទៅកាន់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងនូវធនធានមនុស្សក្នុងសង្គមជាតិផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងនូវការគោរពកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើឲ្យគម្រោងនេះ សម្រេចបានជោគជ័យ និងសង្ឃឹមថា សមិទ្ធផលដែលទទួលបានពីគម្រោងនេះ នៅតែបន្តនិរន្តរភាព ក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមទាំងការបន្តជួយជ្រោមជ្រែងពីសំណាក់មន្ទីរពេទ្យកុមារអង្គរ​ ប្រសិនបើចាំបាច់ ក្នុងគោលបំណងរួមគ្នា ដើម្បីបម្រើដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងស្នើសុំដល់មន្ត្រីសុខាភិបាល ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈជាបន្ដ និងប្រើប្រាស់សម្ភារបរិក្ខារដែលទទួលបានពីកម្មវិធីនេះ និងចែករំលែកចំណេះដឹងឲ្យបានត្រឹមត្រូវ និងកាន់តែទូលំទូលាយ ដើម្បីធានាក្នុងការផ្ដល់សេវាសម្រាប់ទារក និងកុមារប្រកបដោយគុណភាព និងយូរអង្វែង៕