(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជនត្រូវខិតខំរៀនសូត្រ និងធ្វើខ្លួនជាមនុស្សលេចធ្លោ ប្រកបដោយភាពប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ ក្រៅពីមានចំណេះជំនាញច្បាស់លាស់ យុវជនត្រូវមានសីលធម៌ល្អ យល់ដឹងពីសេរីភាពបញ្ចេញមតិ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ សម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ ហើយមានប្រយោជន៍សម្រាប់សង្គមជាតិ។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមជាមួយក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តស្វាយរៀង ក្នុងកម្មវិធីបាឋកថា ជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធីនេះមានចូលរួមពីលោកសាស្ត្រាចារ្យ ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោង និងលោកស្រី ប៉ែន ពិសី អនុប្រធានគម្រោង និងលោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរផែនការខេត្ត អភិបាលក្រុង/ស្រុកទាំង០៨ លោកនាយក លោកគ្រូ លោកអ្នកគ្រូ ក្រុមការងារ សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ចំនួន៥វិទ្យាល័យ គឺវិទ្យាល័យស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ប្រសូតិ, វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ, វិទ្យាល័យ ហ៊ុន សែន កំពង់ចក,វិទ្យាល័យ រមាសហែក ដែលមានក្លឹបសិក្សា ចំនួន១២ក្លឹប ប្រមាណចំនួន៦០០នាក់។

លោកសាស្ត្រាចារ្យ ទុំ សារាវុធ បានធ្វើបទបង្ហាញស្តីពីប្រវត្តិ និងបេសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានមាតិកា ប្រវត្តិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា,គោលបំណង នៃការបង្កើត ស.ស.យ.ក និងបេសកម្ម ដំណើរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់បច្ចុប្បន្ន, គោលនយោបាយអភិវឌ្ឍន៍យុវជន និងរចនាសម្ព័ន្ធចាត់តាំង។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានធ្វើបទបង្ហាញលើប្រធានបទអំពីយុវជន និងការចូលរួម អភិវឌ្ឍន៍ជាតិឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលមានមាតិការ យុវជន ការអភិវឌ្ឍចក្ខុវិស័យ, ការចូលរួមរបស់យុវជន, ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការសន្និដ្ឋាន។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចលទ្ធផលលេចធ្លោជាច្រើន ក្នុងការធ្វើកំណែទម្រង់លើ វិស័យធំៗដូចជា រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច សុខាភិបាល អប់រំ កសិកម្ម លើកកម្ពស់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គុណភាពនិងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌។

លោកបានគូសបញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រ និងចូលរួម អនុវត្តគ្រប់គោលនយោបាយជាមួយរដ្ឋាភិបាលដើម្បីឱ្យប្រទេសកម្ពុជាសម្រេច បានចក្ខុវិស័យឆ្នាំ ២០៥០។ ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី «គ្មានការធ្វើកំណែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ» កំណែទម្រង់ ដែលជោគជ័យផ្អែកលើកត្តាសំខាន់ៗ ៤៖ ១៖ ចក្ខុវិស័យច្បាស់លាស់, ២៖ ការប្តេជ្ញាចិត្តខ្ពស់, ៣៖ ការចូលរួមដោយស្មោះត្រង់ និង៤៖ ការលះបង់៕