(ព្រះវិហារ)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៩៨៨បណ្ណ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ចែកជូនប្រជាពលរដ្ឋចំនួន៥៩១គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ជាប់ព្រំដែនឡាវ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជាការ តាមមន្ទីរអង្គភាពជុំវិញខេត្ត លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាឱកាសនោះ លោក មិន ស៊ីថា បានថ្លែងចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។ លោកបន្តថា បណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។
អភិបាលរងខេត្តព្រះវិហារ បានផ្តាំផ្ញើប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឲ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឲ្យមានការលំបាក នៅពេលយើងយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។
លោកបានគូសបញ្ជាក់ថា ការសម្រេចបាននូវវឌ្ឍនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោក មិន ស៊ីថា បញ្ជាក់បន្ថែមថា សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តមរតកដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក នៅតំបន់ព្រំដែនឡាវ នៃស្រុកឆែប។
ឆ្លៀតក្នុងឱកាសនោះ លោក មិន ស៊ីថា បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យនៅគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕