(ភ្នំពេញ)៖ នាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំ​ដោយ​លោកឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកស្រី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង ​​តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំលើកទី១នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្ដេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញពីសុឆន្ទៈសុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។

ជំនួបលើកទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០​២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងមានការអញ្ជើញចូលរួមពីលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាង​ពា​ណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ា​ស៊ីហ្វិក។

កិច្ចប្រជុំលើកទី២នេះ បានផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការ​ត្រៀមលក្ខណៈសម្រាប់ការចរចាដោយផ្ទាល់លើកិច្ចព្រមព្រៀងពា​ណិ​ជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្ត​ទៅនៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចសម្របសម្រួល​ទំនាក់​ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមានលោកឧបនាយករដ្ឋមន្ត្រីជាប្រធាន អនុលោមតាមការ​ចង្អុល​បង្ហាញដ៏ខ្ពង់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុង​ជ្រោយ​ក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគី លើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការដោយបើកទូលាយ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ក្នុងន័យ​ស្ថាប​នា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន​នូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានភាពស៊ីជម្រៅប្រកប​ដោយ​សមធម៌ និងតុល្យភាពសំដៅលើកកម្ពស់ឧត្តមប្រយោជន៍​ទៅ​វិញ​ទៅមកជូនប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីការប្ដេជ្ញាចិត្ត​ខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើត​ទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកប​ដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារ​សហ​រដ្ឋអាមេរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធាន​ការ​សម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់​ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង ប្រកា​ស​ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញ​លិខិត​អនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយ​ចំនួន​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធ​គយ​បដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយ​ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ញើលិខិតផ្លូវការទៅកាន់ លោកប្រធានាធិបតីអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការ​នាំ​ចូលផលិតផលរបស់អាមេរិក ជាមួយការកាត់បន្ថយភ្លាមៗនូវពន្ធគយ​សម្រាប់ផលិតផលចំនួន១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥ភាគរយ មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥ភាគរយ (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញ​របស់​កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិត​ភាពជាមួយរដ្ឋាភិបាលអាមេរិក។

នៅថ្ងៃដដែលនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បាន​ផ្ញើលិខិតផ្លូវការទៅកាន់លោកអគ្គរដ្ឋទូតតំណាងពាណិជ្ជ​កម្ម​សហរដ្ឋអាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តនេះម្ដងទៀតផងដែរ​ក្នុងនាម​ស្ថា​ប័នជំនាញ។

បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវដឹកនាំដោយលោកឧបនាយក​រដ្ឋ​មន្ត្រី មានភារកិច្ចក្នុងការសម្របសម្រួលចរចា និងជំរុញទំនាក់ទំន​ង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញ​ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួល​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង​សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍ នៃលទ្ធផលការងារជូន​ប្រមុខ​រាជ​រដ្ឋាភិបាល។

ក្រុមការងារចំពោះកិច្ចនេះ គឺត្រូវបានរៀបចំឡើងក្រោមការដឹកនាំ ដ៏​ខ្ពង់​ខ្ពស់ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់សម្ដេច​មហា​​បវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចា​ជាមួយ​ភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តពន្ធគយបដិ​ការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹង​និង​ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែ​មាន​ភាពប្រសើរឡើង៕