(ភ្នំពេញ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានផ្ញើសារលិខិតសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានទទួលស្វាគមន៍លោកស្រី និងគណៈប្រតិភូ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។
នៅក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់ទៀតថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ជាពិសេស ចំពោះដំណើរទស្សនកិច្ចនេះ ដែលបានប្រព្រឹត្តទៅស្របពេលដែលប្រទេសយើងទាំងពីរ កំពុងប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ពិសេសមួយ នៃទំនាក់ទំនងជាមិត្តភាពយូរអង្វែងនិងនិរន្តរ៍របស់យើង។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ក្នុងការធ្វើបរិវត្តកម្មកម្ពុជា ក្លាយជាប្រទេសមានសន្តិភាពនិងវិបុលភាព និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់សម្តេច ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសថៃ និងកម្ពុជា។ នេះពិតជាកិត្តិយសដ៏ពិតប្រាកដសម្រាប់រូបខ្ញុំ ដែលបានស្តាប់នូវការចែករំលែកដោយផ្ទាល់នូវគតិបណ្ឌិតរបស់សម្តេច។
ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសយើងទាំងពីរបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ ប្រជាជន និងតំបន់របស់យើង។
ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក៏ដូចជាប្រជាជនកម្ពុជា សូមបន្តទទួលបាននូវសុភមង្គល សុខភាពល្អបរិបូរណ៍ និងវិបុលភាពតរៀងទៅ។ សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕