(ភ្នំពេញ)៖ ក្នុងអត្ថបទមុនដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិន និងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង២០០ បានរួមចំណែកក្នុងការធ្វើទំនើបកម្មឧស្សាហកម្មនៅកម្ពុជា។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ក្នុងខែកុម្ភៈ ឆ្នាំ២០០៨ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ក្រោមគោលគំនិតអភិវឌ្ឍន៍ «រួមគ្នាឈ្នះទាំងប្រាំបីភាគី» តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពន្លឿនការអភិវឌ្ឍឥតឈប់ឈរ និងទទួលបានការពេញនិយមពីសហគ្រាសនៅទូទាំងពិភពលោក និងបានក្លាយទៅជា «ក្បាលម៉ាស៊ីន» នៃការអភិវឌ្ឍឧស្សាហកម្មនៅខេត្តព្រះសីហនុ។
+ បរិយាកាសអាជីវកម្មកាន់តែល្អប្រសើរឡើង សម្រេចបាននូវការ អភិវឌ្ឍឈ្នះ-ឈ្នះ ជាមួយសហគ្រាសក្នុងតំបន់
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ងាយស្រួលក្នុងការធ្វើចរាចរណ៍។ ពិបាកនឹកគិតស្រមៃណាស់ ជាង១០ឆ្នាំមុន កន្លែងនេះ គឺជាទីរហោស្ថានដែលគ្របដណ្ដប់ដោយជម្រាលភ្នំ និងជ្រលងភ្នំ ដែលផ្ទៃដីមានកម្ពស់ខ្ពស់ទាបខុសគ្នាជាង៧០ម៉ែត្រ និងមិនមានទឹកស្អាត អគ្គិសនី ផ្លូវ និងអុីនធឺណេតនោះទេ។
ដើម្បីបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការបោះទីតាំងដំណើរការផលិតកម្មរបស់សហគ្រាសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធសេវាកម្មអន្តរជាតិឥតឈប់ឈរ ជាមួយគោលគំនិត «វេទិកា+» ដើម្បីលើកកម្ពស់សមត្ថភាពទទួលឧស្សាហកម្ម។
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលធ្លាប់តែប្រើប្រាស់ម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីដោយខ្លួនឯង បច្ចុប្បន្នបានតភ្ជាប់អគ្គិសនីពីអគ្គិសនីខេត្តព្រះសីហនុ និងមានរោងចក្រចំហាយផ្គុំជាមួយអគ្គិសនី និងអនុស្ថានីយអគ្គិសនីរបស់រដ្ឋ ត្រូវបានសាងសង់នៅទីនេះ។ ពីដើមឡើយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានជីកអណ្តូងទឹក និងសាងសង់ប៉មទឹក ដើម្បីយកទឹកមកប្រើប្រាស់ រហូតបានសាងសង់អាងទឹករបស់ខ្លួនសម្រាប់ប្រើប្រាស់។ លើសពីនេះទៅទៀត អាងប្រព្រឹត្តិកម្មទឹកកខ្វក់ អគារមជ្ឈមណ្ឌលពហុសេវាកម្ម អគារអាផាតមិន អន្តេវាសិកដ្ឋានបុគ្គលិក អគារនេប៉ឺហូដ ហ្សេនថើ និងបុស្តិ៍សុខភាព ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ ព្រមទាំងមានរដ្ឋបាល «ច្រកចេញចូលតែមួយ» មជ្ឈមណ្ឌលសេវាកម្មច្បាប់ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ និងវិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍពីដីព្រៃទៅជាសួនឧស្សាហកម្មអន្តរជាតិ ដែលមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ផលិតកម្ម និងការរស់នៅពេញលេញ ហើយបរិយាកាសអាជីវកម្មត្រូវបានកែលម្អឱ្យកាន់តែល្អប្រសើរឡើងម្ដងមួយជំហានៗ។
«មូលហេតុចម្បងដែលក្រុមហ៊ុនយើងខ្ញុំជ្រើសរើសចូលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅឆ្នាំ២០១០ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេសនេះស្ថិតនៅជិតកំពង់ផែ និងអាកាសយានដ្ឋានជាដើម មានទីតាំងភូមិសាស្រ្តអំណោយផល និងងាយស្រួលក្នុងការធ្វើចរាចរណ៍»។ នេះជាសម្តីរបស់លោក ជឺរ៉ាដម៉ាទីន រ៉ាប់ហ្វឺធី អភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន ហសវែ ប្រដាក់ (ខេមបូឌា) ខូអិលធីឌី។
ក្រុមហ៊ុន ហសវែ ប្រដាក់ មានសកម្មភាពអាជីវកម្មចម្បង គឺផលិតឧបករណ៍ និងសម្លៀកបំពាក់ជិះសេះ ដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុននេះជាសហគ្រាសអឺរ៉ុបដំបូងគេ ដែលចូលបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោក ជឺរ៉ាដម៉ាទីន រ៉ាប់ហ្វឺធី បានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុនរបស់លោក បានកើនឡើងពីចំនួន២០នាក់ រហូតដល់ ១៧០នាក់ ប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន៥លានដុល្លារអាមេរិក។
សម្រេចបាននូវការអភិវឌ្ឍឈ្នះៗរួមគ្នា ដែលបានមកពីការចែករំលែកវេទិកាឈានមុខគេនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមមានតែក្រុមហ៊ុន ហសវែ ប្រដាក់ (ខេមបូឌា)ខូអិលធីឌីនេះទេ។ ពេលធ្វើដំណើរចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃើញមានអគាររោងចក្រជាច្រើនតម្រាបជួរគ្នា។ សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ មកពីបណ្តាប្រទេស និងតំបន់នៅទូទាំងពិភពលោក ស្មើនឹងប្រមាណ ៧០ភាគរយ នៃចំនួនរោងចក្រសហគ្រាសសរុបនៅខេត្តព្រះសីហនុ និងផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៣២,០០០នាក់ បានក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
+ ជំរុញលើកកម្ពស់កម្រិតឧស្សាហកម្មជាជំហានៗ ដើម្បីចាក់បញ្ចូល កម្លាំងសន្ទុះខ្លាំងទៅក្នុងការអភិវឌ្ឍឧស្សាហកម្ម
ការទាក់ទាញវិនិយោគនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែផ្តោតទៅលើការបង្កើនចំនួនសហគ្រាសប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្មឱ្យស្របតាមលក្ខខណ្ឌជាតិរបស់ប្រទេសកម្ពុជា ជំរុញការកែលម្អរចនាសម្ព័ន្ធឧស្សាហកម្មឱ្យស្របនឹងបរិបទជាក់ស្តែងរបស់ប្រទេសកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលសមត្ថភាពទទួលឧស្សាហកម្មត្រូវបានបង្កើនឱ្យកាន់តែល្អប្រសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចាប់ផ្ដើមអភិវឌ្ឍឧស្សាហកម្មដំណាក់កាលទីពីរ ដែលផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មពីឧស្សាហកម្មអតិពលកម្មនៅដំណាក់កាលទីមួយ ដូចជាវាយនភណ្ឌ និងសម្រៀកបំពាក់ កាបូប និងវ៉ាលី ផលិតផលឈើជាដើម ទៅជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលផ្តល់អាទិភាពទៅលើការអភិវឌ្ឍឧស្សាហកម្មថ្មី និងឧស្សាហកម្មកម្មន្តសាល ដែលមានតម្លៃបន្ថែមខ្ពស់ ភាពច្នៃប្រឌិត និងមានភាពប្រកួតប្រជែង នឹងផ្តោតទៅលើការទាក់ទាញសហគ្រាស ដែលផ្អែកលើជំនាញ ដូចជាឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡាថ្មី គ្រឿងម៉ាស៊ីន សម្ភារសំណង់និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។
ឧស្សាហកម្មទាំងនេះ បានជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានកម្លាំងសន្ទុះខ្លាំងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
រោងចក្ររបស់ក្រុមហ៊ុនប៊ីវ៉ាយឌី (ខេមបូឌា) ខូអិលធីឌី បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែមេសា ឆ្នាំ២០២៥ សកម្មភាពអាជីវកម្មចម្បង គឺផលិតរថយន្តថាមពលថ្មី។ រោងចក្រនេះមានទំហំផ្ទៃដីសរុប ១២០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតរថយន្តចំនួន ១០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយមានគម្រោងចាប់ផ្តើមដំណើការជាផ្លូវការនៅចុងឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ការសាងសង់ រោងចក្រនេះមិនត្រឹមតែអាចបន្ថែមពន្លឺដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការអភិវឌ្ឍឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសកម្ពុជា និងជួយជំរុញដល់ការប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចប្រពៃណីទៅកាន់សេដ្ឋកិច្ចបៃតង និងកាបូនទាបរបស់ប្រទេសកម្ពុជា។
ខេត្តព្រះសីហនុ ជាទីតាំងដែលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមជា «តារារះនាទិសនិរតី» និងមានគម្រោងអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសដែលមានការអភិវឌ្ឍល្អបំផុតក្នុងខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកំពុងពន្លឿនជំរុញការអភិវឌ្ឍកម្រិតខ្ពស់ ការធ្វើបៃតងនីយកម្ម ឌីជីថលូបនីយកម្ម និងអន្តរជាតូបនីយកម្ម និងសម្រេចបាននូវការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងទីក្រុង ការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងការអប់រំ និងការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គម ហើយប្តេជ្ញាចិត្តដើរតួនាទីជាគំរូយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងការអភិវឌ្ឍច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងកម្ពុជា ដើម្បីចាក់បញ្ចូលកម្លាំងសន្ទុះកាន់តែខ្លាំងទៅក្នុងការធ្វើឧស្សាហូបនីយកម្មនៅប្រទេសកម្ពុជា៕