(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបុណ្យផ្កាប្រាក់សាមគ្គី សម្ពោធឆ្លងអគារទីចាត់ការសាលា ខ្លោងទ្វារ របង  និងសមិទ្ធផលនានា នៅក្នុងសាលាអនុវិទ្យាល័យស្វាយបូរព្រឹក្ស ស្ថិតក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រមូលបច្ច័យជិត ៩០លានរៀល។

ពិធីបុណ្យផ្កាសាមគ្គីនេះ ក៏មានការនិមន្តនិងចូលរួមពីព្រះសង្ឃ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានផ្នែក ប្រធានអង្គភាពចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ក្រុមប្រឹក្សាស្រុក នាយក នាយករង លោកគ្រូ អ្នកគ្រូ កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទាំង១១ ក្រុមគ្រូពេទ្យ សិស្សានុសិស្ស យុវជនកាយប្ញទ្ធិ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម ប្រជាការពារឃុំជាខ្លាង និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំជាខ្លាង ថ្នាក់ដឹកនាំភូមិ យាយជី តាជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិតឆ្ងាយ សរុបប្រមាណ ១,១៨០ អង្គ/នាក់។

ឆ្លៀតក្នុងឱកាសនោះលោក សួន សុម៉ាលីន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

លោកបានបន្ថែមថា ក្រៅពីថ្នាក់ដឹកនាំទាំងពីរខាងលើ យើងទាំងអស់គ្នាក៏ចងចាំមិនភ្លេចនូវសម្តេចទាំងបីគឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដែលបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ជាក់ស្តែងការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះជាការបង្ហាញពីសាមគ្គីគ្នារវាងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើការយកចិត្តទុកដាក់គាំទ្រវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោក សួន សុម៉ាលីន និងភរិយា ព្រមទាំងក្រុមគ្រួសារនិងក្រុមការងារ ព្រមទាំងសប្បុរសជននានា បានប្រមូលបច្ច័យសរុបចំនួន  ៨៩,៣៨០,០០០រៀល ប្រគេនដល់ព្រះសង្ឃ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំ និងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានភាពខ្លាំង ព្រមទាំងចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងសាលារៀន និងវត្តស្វាយបូរព្រឹក្សនេះផងដែ៕