(ភ្នំពេញ)៖ ទីលំហែបៃតងរបស់សហគមនាគមន៍ចំនួន១០កន្លែង ដែលផ្តួចផ្តើមរៀបចំឡើងដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​បញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួល​ភ្ញៀវ​ទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្ត​សៀមរាប។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមាន​ប្រ​សាសន៍​ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាង​ហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយ​សាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និង​មានលក្ខណៈទំនើប។ បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ ក្រសួង​គ្រោង​ប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បី​ផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយ​ធម្មជាតិ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និង​ទស្សនាជុំវិញតំបន់ភ្នំគូលែន។

លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការ​អភិវឌ្ឍ​គោល​​​ដៅ «លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជិវភាពសហគមន៍ នៅ​តាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើក​កម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំ​របស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោល​ដៅ​លំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។

លោករដ្ឋមន្ត្រី បានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អភិ​វឌ្ឍន៍​ការទាក់ទាញទេសចរ ទៅទស្សនាកន្លែងធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រាសាទបូរាណ តំបន់ទេសភាព ព្រៃឈើ ទស្សនាសត្វព្រៃ ទឹកធ្លាក់ និងការសម្រាកកម្សាន្ត។ ដោយឡែក ទីលំហែបៃតង​របស់​សហ​គមនាគមន៍ ជាគម្រោងមួយ ទើបតែចាប់ផ្តើមជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែន ដែលបានដើរតួនាទីសំខាន់ក្នុង​ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដែលក្នុងនោះការ​កសាងភាពស្អាត ភាពបៃតង ដែលបានចែងក្នុងយុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ឆ្ពោះទៅការរស់នៅប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា យុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និង​បង្កើត​ជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់​ចំណេះ​ដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំ​ដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់​លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជា​អេកូ​ទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍មានការអភិវឌ្ឍជីវភាព​ប្រកប​ដោយនិរន្តរភាព នោះត្រូវធ្វើយ៉ាងណាថែរក្សាបរិស្ថានឱ្យស្អាត មាន​ផ្នត់​គំនិតគំនិត និងស្អាតនៅក្រៅខ្លួន ដែលបម្រើសេវាកម្ម ដោយភាព​ស្មោះ​ត្រង់ រៀបចំម្ហូបអាហារត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ដែលជាទីទាក់ទាញអ្នកទេសចរណ៍ មកកម្សាន្តបានច្រើនជាប្រចាំ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញ​ការ​អភិវឌ្ឍ «គោលដៅលំហែបៃតង» នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» តាមរយៈការរៀបចំបង្កើតជារបៀងសហគមន៍​តំបន់​ការពារធម្មជាតិ ទាំងអស់នៅលើភ្នំគូលែន ដោយជួយរៀបចំ​កសាង​​ផ្លូវតភ្ជាប់សហគមន៍ ហេដ្ឋរចនាសម្ព័ននានា កន្លែងគ្រប់គ្រង​ទុកដាក់សំណល់រឹង រៀបចំបង្កើនជីវភាពគ្រួសារ របស់ប្រជាសហ​គមន៍ តាមរយៈមុខរបរចិញ្ចឹមសត្វ ដាំបន្លែ និងគោលដៅលំហែបៃតង ដែលក្នុងនោះ បានផ្តល់ទីលំហែបៃតងរបស់សហគមនាគមន៍ ជំហាន​ដំបូង ចំនួន១០កន្លែង ហើយជាបន្តបន្ទាប់ គម្រោងនឹងពង្រីកបន្ថែម​ជូន​ទៅសហគមន៍ ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែកនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ក្នុងភូមិ​សាស្រ្ត​ខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថាន បានជួយសាងសង់​កន្លែង​វិបស្ស​នាចំនួន៥០ទីតាំង ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាស​នា​កម្ពុជា ដែលមានភ្ញៀវទេសចរណ៍ជាច្រើន មកសម្រាក ធ្វើសមាធិ ធ្វើ​ឱ្យ​ចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅជាមួយ​ធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។

លើសពីនេះ ក្រសួងបរិស្ថានបានពង្រីកគម្រោង «គោលដៅ​លំហែបៃ​តងនៅតំបន់ទេទឹកពុះ និងតំបន់ខ្នងផ្សារនៃតំបន់ជួរភ្នំក្រវាញ និងតាម​តំបន់ការពារធម្មជាតិមួយចំនួនទៀត ដើម្បីបង្កើនជីវភាពសហគមន៍ និងពង្រឹងការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយ​និរន្ត​រ​ភាព៕