(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពអបអរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា អ្នកតំណាងរាស្ត្រ អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា មន្រ្តីរាជការជាច្រើនរយនាក់។
នៅក្នុងឱកាសនេះដែរ សប្បុរសជននានា បាននាំយកថវិកា និងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចំនួន ៤២៥,២៣៥,០០០រៀល ឬស្មើ ១២២២៧៧,៥០ ដុល្លារ សហរដ្ឋអាម៉េរិក ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា ការប្រារព្ធទិវាកាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា គឺជាការរម្លឹកទៅដល់ការបង្កើតឱ្យមានស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅលើពិភពលោក ដែលចាប់កំណើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៦៣ និងការចាប់ផ្តើមរបស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥។ ហើយកម្ពុជា បានចូលជាសមាជិកសមាគមជាតិទី៨៥ នៅលើសកលលោក ដែលត្រូវបានទទួលស្គាល់ និងបានបញ្ជូលជាសមាជិករបស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបានបម្រើបុព្វហេតុមនុស្សធម៌ជួយទៅដល់ជ នរងគ្រោះទាំងឡាយដោយពុំមានការរើសរើងបែងចែកវណ្ណៈ ពូជសាសន៍ និងនិន្នាការនយោបាយនោះទេ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះហើយការចែករំលែកនេះ គឺជាផលបុណ្យមួយដែលបានយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ដល់អ្នកដែលងាយរងគ្រោះ សម្រាប់ការចូលរួមបរិច្ចាគធនធានជាមួយកាកបាទក្រហមកម្ពុជា នាពេលនេះ ក៏បង្ហាញពីវប្បធម៌ចែករំលែកករបស់ខ្មែរផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដែលបានធ្វើសកម្មភាពរហ័សទាន់សភាពការណ៍ដែលបានកើតនៅក្នុងមូលដ្ឋាន តាមរយៈការនាំយកអំណោយ និងសម្ភារៈផ្សេងៗ ដើម្បីអន្តរាគមន៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋដែលរងគ្រោះជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំបន្ថែមទៀត ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋងាយរងគ្រោះ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានក្រាប់បង្គំ និងគោរពថ្លែងអំណរគុណសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានជម្នះគ្រប់បែបយ៉ាងកៀរគរសប្បុរសជននានា ដើម្បីឱ្យសមាគមជាតិមានធនធានបន្ដផ្ដល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្ដពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលគ្រឹះរបស់ចលនាអន្ដរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានបម្រើដល់បុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» វត្តមានរបស់កាកបាទក្រហមកម្ពុជានៅគ្រប់ទីន្លែងតាមមូលដ្ឋាន ដើម្បីបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងផលប៉ះពាល់ទាំងឡាយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា សូមឧទ្ទិសស្មារតីខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្លាយជាសកម្មភាពជាក់ស្តែងរស់ រវើកជាកម្លាំងជំរុញ និងពង្រឹងការជួយសង្គ្រោះជីវិត ជនងាយរងគ្រោះ និងជនរងគ្រោះ ក្នុងខេត្តក្រចេះ។
គួរជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងមានសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា សម្រាប់យកទៅធ្វើសកម្មភាពមនុស្សធម៌ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស ខណៈកាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា ដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះរាជគន្លងវីរគំរូមនុស្សធម៌ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បសុខុមាលភាពប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕