(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សចំណុះគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម និងកំណត់របៀបរបបការងារនិងគោលដៅយុទ្ធសាស្រ្ត សម្រាប់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូបផងដែរ។
នៅក្នុងឱកាសបើកកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជួបសំណេះសំណាល ប្រកបដោយភាពសិ្នទ្ធស្នាល ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះអង្គប្រជុំ និងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន រួបរួមគ្នាបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនជូនគណបក្ស និងជាតិមាតុភូមិ។
ជាមួយគ្នានេះដែរ ក្នុងការត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមការងារគណបក្សក្រសួងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ចុះដោយផ្ទាល់ទៅដល់មូលដ្ឋានស្រុកឃុំ រហូតដល់សាខាបក្សភូមិ និងក្រុមភូមិ ដើម្បីអនុវត្តកិច្ចការឃោសនាកម្មវិធីនយោបាយគណបក្ស ពង្រឹងសតិអារម្មណ៍សមាជិកគណបក្ស ទាំងនៅតាមសាខាគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួង និងនៅតាមមូលដ្ឋានឃុំភូមិគោលដៅ សំដៅឈានឆ្ពោះទៅពង្រឹង និងពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីការពន្លឿនការងារសាងសង់អគារស្នាក់ការគណបក្សឃុំ និងគណបក្សស្រុកឱ្យបានសម្រេចនៅដំណាច់ឆ្នាំនេះ និងបានណែនាំឱ្យក្រុមការងារគណបក្សរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ អនុវត្តរបបចុះមូលដ្ឋាន និងរបបប្រជុំឱ្យបានទៀងទាត់ ព្រមទាំងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងប្រឆាំងដាច់ខាតនូវរាល់បាតុភាពបំបែកបំបាក់សាមគ្គីភាពទាំងឡាយ។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ហើយចូលរួមថែរក្សា និងការពារឱ្យបានជាដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕