(ភ្នំពេញ)៖ លោក ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់ផ្នែក និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះលោកបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងាររបស់ផ្នែក និងផ្សព្វផ្សាយអំពី៖
១៖ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់យុវជនគណបក្សប្រជាជនកម្ពុជា
២៖ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការរបស់ផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សប្រជាជនកម្ពុជា
៣៖ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.)
៤៖ ការធ្វើបច្ចុប្បន្នភាពក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល
៥៖ លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា
ស្ថិតក្នុងឱកាសនោះដែរ លោក ហេង ណន បានប្រគល់បណ្ណថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ សមាជិក និងក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា ដែលបានចូលរួមគាំទ្រដល់សកម្មភាពផ្នែកនាពេលកន្លងមក។
សូមជម្រាបថាកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និងក្រុមជំនួយការផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបប្រមាណ ៥០០នាក់ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)៕