(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងរួមគ្នាជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ បម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។
ការវាយតម្លៃបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ ជាច្រើនរយនាក់។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបង្ហាញពីភាពសកម្មរបស់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដែលបានសហការគ្នាក្នុងរូបភាពជាធ្លុងមួយ នៃការចុះជួយមូលដ្ឋានចំណុចនេះជារឿងដ៏សំខាន់ដែលបានអនុវត្តន៍តាមទិសស្លោករបស់គណបក្ស គឺភាពរឹងមាំ និងភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា គឺពឹងលើអំពើល្អរបស់សមាជិកគណបក្ស។ ជាក់ស្តែងសមាជិករបស់គណបក្សបានចុះអន្តរាគមន៍ភ្លាមៗទៅដល់មូលដ្ឋានដែលបង្ហាញពីការយកចិត្តខ្ពស់ ចំពោះប្រជាពលរដ្ឋដែលជាសំលេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺការផ្តល់នូវទំនុកចិត្ត ន៨ងភាពកក់ក្តៅរបស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត និងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត, ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយមានភាពចាស់ទុំជាងគេផ្នែកនយោបាយ និងមានការគាំទ្រដ៏ច្រើនលើសលុបពីបងប្អូនប្រជាពលរដ្ឋ និងជាគណបក្ស ដែលនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស មូលដ្ឋានគ្រឹះរបស់គណបក្ស គឺកសាងអំពើល្អ ធ្វើអំពើល្អ ពិសេសការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា តែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ និយាយជារួមគឺសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីស្តាប់ការលើកឡើងរួចមក, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា បានគូសបញ្ជាក់អំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង៦ និងវិធានការគន្លឹះ៥ ដែលបានដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុវត្តភ្លាមៗកាលពីឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមលោកផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អ នៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។
ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។
បន្ថែមពីនេះ ប្រធានក្រុមការងារក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវហ៊ានតែនិយាយពីចំណុចខ្វះខាត ដើម្បីឈានទៅរកដំណោះស្រាយភ្លាមៗ ទាន់ពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីផ្តល់នូវជំនឿចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់គោលដៅរួមរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនដោយភាពស្មោះត្រង់៕