(បន្ទាយមានជ័យ)៖ នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមាន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្រុងប៉ោយប៉ែត ដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងមិនធ្លាប់មាន។

លោក ព្រហ្ម ពិសឹទ្ធ អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងសង្គ្រោះនេះ កម្លាំងនគរបាលបានធានានូវសនិ្តសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជា ក្នុងករណីបើប្រជាពលរដ្ឋលិចលង់ខ្លាំង ត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនះគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់សង្គ្រោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ពិសេសចាស់ជរា ជនពិការ អ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ជៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ៕