(កំពង់ធំ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុហ៊ុន MIRARTH Agritech ដែលកំពុងវិនិយោគធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃការកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជាការជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន MIRARTH Agritech និងបងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក៏មានការចូលរួមផងដែរ ពីសំណាក់លោកស្រី កុយ ពិសី, លោកស្រី ឃួន ឃុនឌី និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។
លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្រុមហ៊ុន MIRARTH Agritech បានជម្រាបជូនឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរអំពីខ្សែច្រវាក់នៃការកែច្នៃគ្រប់ស្វាយចន្ទី ដោយរួមទាំងបច្ចេកទេសរបស់ក្រុមហ៊ុនមួយចំនួនទៀត។ បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក ព្រមទាំងសហគមន៍ទំនើបទាំង៣ ស្ថិតក្នុងខេត្តកំពង់ធំផងដែរ។
ក្រុមហ៊ុនកំពុងធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ចំនួន ៦តោន ក្នុង១ថ្ងៃ (សមត្ថភាព ១០តោនគ្រាប់ស្រស់ក្នុង១ថ្ងៃ) ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអឺរ៉ុប។ ក្រុមហ៊ុនគ្រោងនឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ។
តំណាងក្រុមហ៊ុនក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ផងដែរអំពីគម្រោងផែនការវិនិយោគរបស់ក្រុមហ៊ុននាពេលអនាគត ដោយរួមទាំងគម្រោងផលិតប្រេងជីវឥន្ធនៈផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី និងការនាំយកនូវគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនសម្រាប់បម្រើឱ្យការកែច្នៃ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវក្តីសោមនស្សរីករាយដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ ហើយដំណាំស្វាយចន្ទីក៏មានសក្តានុពលខ្ពស់ ដែលអាចធ្វើកែច្នៃបាននៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃផលិតកម្ម ដូចជាការកែច្នៃសំបកគ្រាប់ស្វាយចន្ទីធ្វើជាជីវ ឥន្ធនៈគ្រឿងសំអាង និងសូម្បីតែមែកដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុនMIRARTH Agritech ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី ហើយខេត្តកំពង់ធំ អាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី (contract farming) ពីសហគមន៍និងប្រជាកសិករ និងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសការនាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម៕