(ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ សែម តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិករដ្ឋសភា បានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
ព្រះចៅអធិរាជជប៉ុន បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Cordon of the Order of the Rising ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលធ្វើឡើងនៅ ព្រះបរមរាជវាំង ប្រទេសជប៉ុន។
ការបំពាក់គ្រឿងឥស្សរិយយសជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីសំណាក់ព្រះចៅអធិរាជជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន បានបង្ហាញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន ។ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមទទួលបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕