(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ បានបាញ់បោះសេរីចំនួន២គ្រាប់ នៅយប់ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខហាងចិន (ផ្ទះបាយ ជៀស៊ាំង) ផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI JIAMENG អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាង នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លី១ដើម ម៉ាក GLock, គ្រាប់ចំនួន៨គ្រាប់, បង់ចំនួន១ និងសំបកគ្រាប់ចំនួន២។
យោងតាមការបំភ្លឺរបស់សន្តិសុខយាមនៅអគារ ហ៊ុយវ័ន បានដឹងថា កាលពីវេលាម៉ោងប្រហែល០០៖៣០នាទី ជនសង្ស័យបានចូលមកក្នុងអគារហើយជក់បារី ពេលនោះកម្លាំងសន្តិសុខ បានហាមជក់រួចដេញចេញ ជនសង្ស័យក៏ទៅបាត់។
លុះដល់ម៉ោងកើតហេតុខាងលើ ពេលពួកគេអង្គុយយាមនៅក្នុងអគារ ស្រាប់តែលឺសំលេងផ្ទុះអាវុធចំនួន២គ្រាប់ ពួកគេបានចេញមកក្រៅក៏ឃើញជនសង្ស័យម្នាក់ ដើរមកបម្រុងចូលក្នុងអគារ គេបាននាំគ្នាឃាត់ចាប់ជនសង្ស័យនោះបាន ហើយរាយការណ៍ទៅសមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីអនុវត្តនីតិវិធី៕