(តាកែវ)៖ ថ្លែងបិទវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងយុគសម័យឌីជីថល» នៅខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ទន្ទឹមនឹងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងសាធារណមតិគ្រប់កម្រិត ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រមបុរេសកម្ម និងការងារប្រតិកម្មឆ្លើយតបឱ្យបានទាន់ពេលវេលា លោកទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកការងារព័ត៌មាន និងសាធារណមតិ គឺជាការរួមចំណែកដ៏សំខាន់ និងចាំបាច់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ក៏បានណែនាំដល់មន្ត្រីព័ត៌មានទាំងអស់ រួមទាំងយុវជនបណ្តាញសង្គមក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុលសង្គម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង តាមដាន និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មានគ្រប់កំរិតពីថ្នាក់ខេត្ត ដល់ឃុំ-សង្កាត់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ដែលមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប។

បន្ថែមពីលើនេះ មន្ត្រីព័ត៌មានទាំងអស់ ចាំបាច់ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ និងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយត្រូវមានសមត្ថភាពក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ ក្នុងន័យ «រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន តាមរយៈបង្កើនការផលិតខ្លឹមសារ មាតិកា និងសកម្មភាពការងារជាច្រើនរបស់រាជរដ្ឋាភិបាល ជំរុញការផ្សាយព័ត៌មានពិតបានលឿនរហ័ស និងដល់គោលដៅ»

ទោះយ៉ាងណា ដើម្បីសម្រេចបានជោគជ័យក្នុងការងារនេះ ទេរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវតែបង្កើនកិច្ចសហការឱ្យបានល្អរវាងមន្ត្រីទទួលបន្ទុកការងារព័ត៌មាននៅមូលដ្ឋាន ជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានគ្រប់ថ្នាក់ គ្រប់ផ្នែក ទើបធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ក្តាប់បាននូវបញ្ហាប្រឈម និងការភារកិច្ចដែលត្រូវអនុវត្តប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញ ក៏មានការចូលរួមជាវាគ្មិនសំខាន់ៗមួយចំនួនដែលមានបទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែងលើការងារព័ត៌មាន និងសាធារណមតិ រួមមាន៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស.) និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស, លោក ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាន (គ.ស.ព.ស.) មន្ត្រីជំនាញការងារបច្ចេកវិទ្យារបស់លេខាធិការដ្ឋាន (គ.ស.ព.ស.) និងការធ្វើបទបង្ហាញអំពីការវិវឌ្ឍនៃបញ្ហាសប្បនិម្មិត AI នៃនាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ពីថ្នាក់ដឹកនាំដែលប្រឡូកក្នុងកិច្ចការព័ត៌មាន និងសាធារណមតិ រួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍លើវិស័យព័ត៌មាន ដោយបានបង្ហាញនូវ គន្លឹះនៃការផ្តល់ព័ត៌មាន មូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទ ការងារឆ្លើយតប ចំណេះដឹងពីការវិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), សារៈសំខាន់ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ AI និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរស័ព្ទស្មាតហ្វូន និងការរៀបចំចងក្រងបណ្តាញសម្រាប់បម្រើដល់ការងារព័ត៌មានជាប្រព័ន្ធតួអង្គតែមួយផងដែរ។

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ (គ.ស.ព.ស.) បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាន និងសាធារណមតិ ដែលមានសមាសភាពមន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ និងការចូលរួមយ៉ាងសកម្មពីមន្ទីរព័ត៌មាន ក្នុងការដើរតួនាទីដ៏សំខាន់ជាអ្នកដឹកនាំ សម្របសម្រួលដោយផ្ទាល់ជាមួយក្រុមការងារគ្រប់កម្រិត ក្នុងសមត្ថកិច្ចរបស់ខ្លួន និងជាសេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ លើការងារព័ត៌មាន និងសាធារណមតិ ដោយអនុវត្តន៍តាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយ ស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត ព័ត៌មានច្បាស់ការ មានប្រភពច្បាស់លាស់។

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានផ្ដាំផ្ញើដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវប្រើប្រាស់បណ្តាញសង្គម និងការតាមដានព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ឱ្យអស់លទ្ធភាព និងបង្កើនល្បឿននៃការផ្សព្វផ្សាយ ល្បឿននៃការប្រតិកម្មឱ្យបានទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាល បានបិទបញ្ចប់ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល និងភាតរៈបំផុត៕