(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទំាសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។ បន្ថែមពីនេះ រដ្ឋសភាក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង»។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
សិក្ខាសាលានេះ រៀបចំធ្វើឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) សហការជាមួយក្រសួងផែនការ ក្រោមកិច្ចសហការ និងគាំទ្រដោយ UNFPA និង AFPPD ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិ មួយចំនួន ដូចជាសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ CAPPD វេទិកាសភា អាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍ (AFPPD) អង្គការ AFPPD, UNFPA, និង CAPPD ជាដើម។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ដើម្បីប្រជាជននិងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនសមាជិកសមាជិការដ្ឋសភា ដៃគូអភិវឌ្ឍន៍នានា ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានិងព្រឹទ្ធសភា ដែលតែងតែចូលរួមយ៉ាងសកម្មនៅក្នុងសិក្ខាសាលានិងវេទិកានានា ដែលរដ្ឋសភាបានរៀបចំឡើង ដែលបង្ហាញឱ្យឃើញពីការរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ នៅក្នុងការស្វែងយល់ ចង់ដឹងចង់ចេះដោយមិនចេះនឿយហត់ ដែលជាកក្តាសំខាន់ជំរុញ ធ្វើឱ្យសភាកម្ពុជា បម្រើផលប្រយោជន៍ជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត និងសមស្របបំផុតសម្រាប់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភានិងភាគីពាក់ព័ន្ធ បានស្វែងយល់ពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនានា ជាពិសេសឱកាសក្នុងការជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ ទស្សនៈ សំដៅរួមគ្នាស្វែងរកនូវវិធីសាស្រ្ត និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងការអនុវត្តផែនការសកម្មភាព នៃសន្និអន្តរជាតិស្តីពីប្រជជននិងអភិវឌ្ឍន៍(ICPD)ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក៏ដូចជាឈានទៅម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០២៣០ដែលមាន ដូចជា ការសម្រេច ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាព មាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ចនិង ភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើម។

សម្តេចប្រធានរដ្ឋសភា បានថ្លែងការសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំ ទូលាយទូទាំងរាជធានីខេត្ត ដែលបានបន្តចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានកសាងសមិទ្ធផលជាច្រើនតាមរយៈនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយអន្តរវិស័យ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រជាតិគ្រប់ដំណាក់កាល ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គោលនយោបាយជាតិ ស្តីពីការអប់រំ គោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ប្រជាជន គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ផែនការនារីរតនៈ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ជាដើមនោះ។

សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចូលការរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមនុស្សធម៌ ការងារអប់រំផ្សព្វផ្សាយផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លងរាតត្បាតនានា និងជាពិសេសបញ្ហាជំងឺអេដស៍ អាហារូបត្ថម្ភ និងសុខភាពបឋម ក៏ដូចជាការអនុវត្តនូវផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ សំដៅដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជាឱ្យកាន់តែនៅទាប តាមគោលដៅកំណត់។ កម្ពុជាបានកំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជាទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងថ្ងៃទី ៥ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាឆ្មបជាតិ-អន្តរជាតិ ក្នុងគោលបំណងអបអរសាទរ ចែករំលែកក្តីស្រលាញ់ ក៏ដូចជាក្រើនរំលឹកឱ្យស្រ្តីជាម្តាយទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំកូនៗរបស់ខ្លួនឱ្យបានល្អ ព្រមទាំងការពង្រឹងជំនាញវិជ្ជាជីវៈក្រុមគ្រូពេទ្យ និងឆ្មប។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាយ៉ាង មោះមុត និងឥតងាករេ ដោយបានខិតខំប្រឹងប្រែង និងសហការយ៉ាងសកម្មក្នុងការអនុវត្តផែនការសកម្មភាព ICPD រហូតសម្រេចបានលទ្ធ ផលគួរជាទីមោទនៈ ដែលក្នុងនោះរួមមាន៖ ការកាត់បន្ថយមរណភាព មាតា ការបង្កើនអាត្រាប្រេវ៉ាឡង់ពន្យារកំណើត និងការកែលម្អលទ្ធភាព ទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ជាដើម។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគម សមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានពង្រឹងតួនាទីសភា ផ្តល់ការយល់ដឹងអំពីគោលនយោបាយ នៃប្រទេសនានា និងជំរុញកិច្ចសហប្រតិបត្តិការលើគោលដៅអភិវឌ្ឍន៍រួមគ្នា គឺ ធានាឱ្យបាននូវសុខុមាលភាពសង្គមនិងដោះស្រាយផលប៉ះពាល់បញ្ហាប្រឈមជា រួមក្នុងតំបន់។ សិក្ខាសាលានាឱកាសនេះ កើតចេញពីការមើលឃើញពីភាពចាំបាច់ និង សារៈសំខាន់ស្នូលនៃការជំរុញការអនុវត្ត ICPD និងចេញពីឆន្ទៈរបស់ CAPPD ក្នុង ការចូលរួមជំរុញគាំទ្រទាំងស្មារតី និងយន្តការនានាដល់រាជរដ្ឋាភិបាលដែលកំពុង ខិតខំយ៉ាងសស្រាក់សស្រាំក្នុងការងារនេះ។ វាជាការចាំបាច់ ដែលសមាជិកសភា ត្រូវស្វែងយល់ ឱ្យបានស៊ីជម្រៅអំពី ICPD ទាំងខ្លឹមសារ និងអត្ថន័យ នៃលិខិតូបករណ៍ អន្តរជាតិដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តចំនួន១២ចំណុច ព្រោះវាបានបង្កប់នូវ តម្លៃជាសកលមួយនៃមនុស្សជាតិ និងជាម្ចាស់ឆ្នោត។

ក្នុងសុន្ទរកថាគន្លឹះ របស់ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។ ការសម្រេចបាននូវសូន្យបី (Three Zeros)៖ (១). បញ្ចប់តម្រូវការដែលមិនបានឆ្លើយតបអំពីព័ត៌មាននិងសេវាផែនការគ្រួសារ, (២). បញ្ចប់មរណភាពមាតាដែលអាចបង្ការបាន, និង (៣). បញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផ្លូវភេទនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់នានា រួមទាំងការលុបបំបាត់គ្រប់ទម្រង់នៃការរើសអើង ចំពោះស្ត្រីនិងក្មេងស្រី គឺជាគោលដៅចុងក្រោយក្នុងការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា នៅសន្និសីទទីក្រុងណៃរ៉ូប៊ី។
ឯករដ្ឋមន្រ្តីបានលើកឡើងថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា បានឆ្លុះបញ្ចាំងពីមហិច្ឆតារួមរបស់យើង ក្នុងការវិនិយោគលើយុវជន ការការពារសិទ្ធិនិងសុខភាពស្ត្រី និងក្មេងស្រី ការទាញយកភាគលាភ ប្រជាសាស្ត្រ ការឆ្លើយតបទៅនឹងតថភាព នៃការឈានទៅរកវ័យចាស់ និងការពង្រឹងប្រព័ន្ធ សន្តិសុខសង្គមដែលលើកកម្ពស់សមធម៌ និងឱកាសសម្រាប់ទាំងអស់គ្នា។

លោករដ្ឋមន្រ្តី ក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ មានប្រសាសន៍បញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីសកម្មភាព សន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ តែមួយ គឺមិនទាន់គ្រប់គ្រាន់នោះទេ យើងត្រូវការ ភាពជាដៃគូ ដ៏រឹងមាំ រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ថែមទៀត។ «យើងត្រូវការ សមាជិករដ្ឋសភា និងព្រឹទ្ធសភា ដែលយល់ដឹងច្បាស់អំពីបញ្ហាប្រជាសាស្ត្រដែលកំពុងកើតមាន ដែលមានសិទ្ធិអំណាចថ្លែងអំពីបញ្ហា ប្រជាជននិងអភិវឌ្ឍន៍ និងគាំទ្រការកៀរគរធនធានជាតិ ដើម្បីប្រែក្លាយ គោលដៅទាំងនេះឱ្យក្លាយទៅជាការពិត។ ទាំងនេះហើយជាមូលហេតុដែលធ្វើឱ្យសិក្ខាសាលាថ្ងៃនេះ មានសារៈសំខាន់បំផុត»៕