(បន្ទាយមានជ័យ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ជាអធិបតីភាព បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាល កៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីបើកការដ្ឋានក៏មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥។

លោក ប៊ុន ច័ន្ទវណ្ណៈ ថ្លែងថា ក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបណ្តើរៗ លើគ្រប់វិស័យ ដែលបាននាំមកនូវកិត្តិយសនិងសិទ្ធិស្មើភាព ជាមួយប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោក ដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ មានសន្តិភាពទើប អាចអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចយើងបានឃើញហើយនៅ ក្នុងពិភពលោកនេះប្រទេសដែលមានភាពរីកចម្រើនជឿនលឿន គឺជាប្រទេសគ្មានសង្គ្រាម មានសន្តិភាពយូរអង្វែង។

លោកបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ អាទិភាពគន្លឹះ៥។

ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការ កសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ ជនបទការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ។

លោកបញ្ជាក់ ថា ផ្លូវចំនួន០៣ខ្សែនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ...។

ផ្លូវក្រាលកៅស៊ូដែលត្រូវបើកការដ្ឋាន មានកម្រាស់ពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន១២ កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន៦២ផ្លាក គំនូសចរាចរណ៍ចំនួន៣៤៩០ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង។

សូមបញ្ជាក់ផងដែរថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ត្រូវបានបញ្ចប់ជម្លោះដីធ្លីរាំងរ៉ៃ អស់រយៈពេលជាង២០ ឆ្នាំ ដោយឈរលើគោលនយោបាយឈ្នះឈ្នះ ក្នុងការដោះស្រារយទំនាស់ ដឹកនាំដោយលោក បណ្ឌិត ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ចប់ដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលការបានអភិវឌ្ឍន៍តំបន់ខាងលើ មានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងនោះកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ក៏បានផ្តល់ជូនផ្លូវក្រាលកៅស៊ូប្រវែងជិត១០គីឡូម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអគារសិក្សាចំនួន ១ខ្នងបន្ថែមទៀតផងដែរ៕