(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងអំណរគុណសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្រាប់ការផ្ញើលិខិតជូនពរក្នុងឱកាសទទួលគ្រឿង ឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាលជប៉ុន។

លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំបានទទួលរួចហើយនូវសារលិខិតអបអរសាទរ និងជូនពរចំពោះរូបខ្ញុំប្រកបដោយសុភកថា ដ៏មានអត្ថន័យ ក្នុងឱកាសដែលខ្ញុំបានទទួលគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ពីព្រះចៅអធិរាជជប៉ុន។ ខ្ញុំសូមថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះ សម្តេចមហាមន្រ្តី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនិងជូនក្រសួងព្រះបរមរាជវាំងប្រកបដោយ មនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបាន លទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងបានជួយសម្របសម្រួលការងារគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋ ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចះត្រចង់»

ឆ្លៀតក្នុងឱកាសនេះ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្តេចមហាមន្តី ក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ដែលកំពុង បម្រើការងារក្នុងក្រសួងព្រះបរមរាជវាំង សូមបានប្រកបដោយព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមជម្រាបថាលោក ជា សុផារ៉ា បានទទួលគ្រឿងឥស្សរិយយសថ្នាក់ «Grand Cordon of the Order of the Rising Sun» ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។

ព្រះចៅអធិរាជជប៉ុន​ បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Cordon of the Order of the Rising ជាឥស្សរិយយសកម្រិតខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលធ្វើឡើងនៅ ព្រះបរមរាជវាំងប្រទេសជប៉ុន។

ការបំពាក់គ្រឿងឥស្សរិយយសជូនចំពោះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីសំណាក់ព្រះចៅអធិរាជជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុន បានបង្ហាញការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើ កកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន​។ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម៕