(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងសហការី នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅប្រគល់ផ្ទះថ្មី២ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីពេលកន្លងទៅនេះ និងបាននាំយកអំណោយមនុស្សធម៌សាខា ចែកជូនគ្រួសារក្រីក្រចំនួន ៣៤ គ្រួសារ ក្នុងនោះស្រុកព្រៃកប្បាសមានចំនួន១៨ គ្រួសារ និងស្រុកបាទីមានចំនួន១៦ គ្រួសារ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះដែលលោក វ៉ី សំណាង ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត និងបានកៀរគរអ្នកវិនិយោគគិនបរទេសធំៗ មកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើន ក្នុងនោះក៏បានគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយបានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀតផង ដើម្បីយុវជនមានចំណេះជំនាញមួយពិតប្រាកដ ជួយជីវភាពពួកគាត់បានកាន់តែប្រសើរឡើង។

លោក វ៉ី សំណាង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពជានិច្ច និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺគ្រុនឈាម ពិសេសក្មេងតូចៗត្រូវអោយពួកគាត់គេងក្នុងមុងជានិច្ច និងត្រូវសំអាតអនាម័យបរិស្ថានជុំវិញផ្ទះអោយបានស្អាតកំចាត់ចោលនូវរបស់ណាដែលអាចដក់ទឹកបាន ព្រោះវាប្រភពនៃការបង្កកំណើតនៃជំងឺគ្រុនឈាមបាន។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដប និងថវិកាមួយចំនួនទៀតផងដែរ៕