(ព្រះវិហារ)៖​ លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ បានថ្លែងថា ក្រុមហ៊ុន សហគ្រាសមួយ អាចដំណើរការទៅបានដោយរលូន និងទទួលបាននូវភាពជោគជ័យ គឺថៅកែ និងកម្មករ មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត មិនអាចខ្វះគ្នាបាន ត្រូវចាប់ដៃគ្នា និងត្រូវយល់ពីសេចក្តីត្រូវការគ្នាទៅវិញទៅមក។​

ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់» នៅក្រុមហ៊ុនចំការកៅស៊ូទ្រីភាព អ៊ឹមផត អ៊ិចផត ក្នុងឃុំរមណី ស្រុករវៀង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​។​

លោក គីម រិទ្ធី បានថ្លែងទៀតថា «ថ្ងៃនេះជាថ្ងៃទិវាពលកម្មអន្តរជាតិ ជាថ្ងៃរបស់យើង ដូច្នេះយើងត្រូវចូលរួមអបអរសាទរទាំងអស់គ្នាថ្ងៃដ៏ពិសេសនេះ នឹងសូមឱ្យទំនាក់ទំនងរវាងកម្មករ ជាមួយ ថៅកែ មានទំនាក់ទំនងល្អ និងជានិរន្តន៍ ដើម្បីយើងបានចំណូលខ្ពស់ និងបានរស់ទាំងអស់គ្នា។ ​បើឱ្យប្រាក់ខែតិចពេក កម្មកររស់មិនកើត បើឱ្យប្រាក់ខែច្រើនពេក​គឺថៅកែឡុងចុង ដូច្នេះយើងត្រូវយល់ពីគ្នាទៅវិញទៅមក ដើម្បីបានរស់ទាំងអស់គ្នា»។​

ដើម្បីអនុវត្តតាមសារលិខិត និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»

លោក គីម រិទ្ធី បានណែនាំគ្រប់អង្គភាពស្ថាប័ន ភាគីពាក់ព័ន្ធ អាជ្ញាធរមាន សមត្ថកិច្ច និយោជក និងកម្មករនិយោជិត ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការ បន្តការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយ ជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។​

នៅក្នុងឱកាសនោះ ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ អភិបាលខេត្តព្រះវិហារ បាននាំអំណោយរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ចែកជូនដល់បងប្អូនកម្មករយើង ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង​១ និងថវិកាចំនួន៤ម៉ឺនរៀល ដោយឡែកកម្មករជាស្ត្រីមានផ្ទៃពោះចំនួន៧​នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមផងដែរ៕