(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងរដ្ឋសភា ពិភាក្សាលើការរៀបចំសមាជលើកទី១ រវាងព្រឹទ្ធសភា និងរដ្ឋសភា ដែលគ្រោងធ្វើឡើងនៅខែមិថុនាខាងមុខនេះ។
សមាជរដ្ឋសភា និងព្រឹទ្ធសភានៅខែមិថុនានេះ គឺជាការរៀបចំឡើងជាលើកដំបូង ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចឡើងមកកាន់តំណែងជាប្រធានព្រឹទ្ធសភានៅក្នុងអាណត្តិនេះ៕
សូមបញ្ជាក់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានពិភាក្សាលើប្រធានបទសំខាន់ចំនួន៣ ដែលគ្រោងយកទៅពិភាក្សាក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា។ ប្រធានបទទាំង៣នោះ រួមមាន៖
១៖ ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម
២៖ ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣៖ ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម៕