(កណ្ដាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងសាកលវិទ្យាល័យ HELP ប្រទេសម៉ាឡេស៊ី បានចុះកិច្ចអនុស្សារណៈជាមួយគ្នា ដើម្បីបញ្ជូននិស្សិតខ្មែរអាចបន្តការសិក្សានៅសាកលវិទ្យាល័យ ម៉ាឡេស៊ីបានចាប់ពីឆ្នាំទី៣ ឡើងទៅ។ ពិធីនេះបានធ្វើឡើងកាលពីចុងសប្ដាហ៍នេះ នៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានថេរដីកាស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះគណៈប្រតិភូប្រទេសម៉ាឡេស៊ីដែលបានចុះមកដល់សាកលវិទ្យាល័យដោយផ្ទាល់ ដោយបានផ្លាស់ប្ដូរបទពិសោធន៍ និងពិភាក្សាម៉ត់ចត់ទៅមុខវិជ្ជាសិក្សាទៅលើមុខជំនាញឯប្រទេសម៉ាឡេស៊ី។
លោកសាស្ត្រាចារ្យលីវ តឹកគុយ បានសំដែងការត្រេកអរ និងពេញចិត្តចំពោះការសហការជាមួយសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ខណៈដែលសមណនិស្សិត-និស្សិត នៅទីនេះ បាននិងកំពុងខិតខំប្រឹងប្រែងរៀនសូត្រណាស់ ដែលអនាគតពួកគេគឺជាសរសរទ្រូងប្រទេសជាតិ និងជាអ្នកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខជាលំដាប់
សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។
ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។
បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សានៅសាកលវិទ្យាល័យបរទេសណានោះឱ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។
សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕