(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រកាស ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត។
ពិធីផ្សព្វផ្សាយនេះដែរ ក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជិកាសរុបប្រមាណជា៣១០នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះមាន ២ធំៗ គឺ១៖ ពន្យល់អំពីខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសថ្មី ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង២៖ តម្រង់ទិសថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធលើការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរទាំងអស់ (ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) សំដៅអនុវត្តឲ្យបានត្រឹមត្រូវស្របតាមនីតិវិធី និងការកំណត់នៃច្បាប់ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ជាធនធានដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកក្នុង ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមមគ្គុទេសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានផ្ដាំផ្ញើលើកិច្ចការងារមួយចំនួន ក្នុងការអនុវត្តការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចជា៖ ការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ៣យ៉ាងតិច មុននឹងអនុញ្ញាតឲ្យចុះបញ្ជីចូលប្រព័ន្ធស្នើសុំផ្តល់គឺ ទី១៖ ពាក្យស្នើសុំផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬហៅថាសាលាប័ត្រព័ត៌មាន, ទី២៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងទី៣៖ ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាត់ទីលំនៅ)៕