(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានចូលអបអរសាទរ ក្នុងឱកាសឯកឧត្តមទទួលបានគ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun ដែលត្រូវបានព្រះចៅអធិរាជជប៉ុន យាងបំពាក់ដោយផ្ទាល់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នាព្រះបរមរាជវាំងជប៉ុន។ នេះបើតាមសារលិខិតរបស់ឯកឧត្តម ជា សុផារ៉ា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈសារលិខិតរបស់ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ គ្រឿងឥស្សរិយយសដែលខ្ញុំបាទទទួលបាននាពេលនេះ គឺជាផ្លែផ្កានៃនយោបាយ និងយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដែល សម្តេចតេជោ បានដាក់ចេញនិងដឹកនាំអនុវត្តធ្វើឲ្យប្រទេសកម្ពុជាទទួលបាន សុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឲ្យកម្ពុជាមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយ សេចក្តីសុខ សុភមង្គល និងសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាប្រទេសមានវប្បធម៌ប្រពៃណីល្អផូរផង់។ ខ្ញុំបាទ សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងចងចាំជានិច្ចនូវគុណូបការៈដែលមានតម្លៃពុំអាចកាត់ថ្លៃបាន របស់សម្តេចតេជោ ចំពោះប្រទេសជាតិ និងរូបខ្ញុំបាទផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីវត្ថុស័ក្តសិទ្ធិ ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី សូមតាមបីបាច់ ថែរក្សាប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរជូនចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ ជាភិយ្យោភាពតរៀងទៅ៕