(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានដឹកនាំប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសខេត្តក្រាប៊ី ប្រទេសថៃ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃ ដឹកនាំដោយលោក ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
មុននឹងចាកចេញពីកម្ពុជា នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា កិច្ចប្រជុំលើកទី១៥នេះ នឹងពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនមាន៖
*ទី១៖ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ដើម្បីបង្ការទប់ស្កាត់គ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន
*ទី២៖ វឌ្ឍនភាពស្ថានភាពគ្រឿងញៀន និងប្រតិបត្តិការកម្ពុជា-ថៃ
*ទី៣៖ ពិនិត្យលើវឌ្ឍនភាពនៃស្មារតីកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី១៤ និងពិភាក្សាលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖
*ពង្រឹងសមត្ថភាពការវិភាគគ្រឿងញៀន និងសំណុំព័ត៌មានគ្រឿងញៀន
*ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអប់រំ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
*ការចែករម្លែកបទពិសោធន៍ពីការទស្សនាភូមិសហគមន៍អនុវត្តកម្មវិធី CBTx ជាដើម។ល៕