(ភ្នំពេញ)៖ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានលើកឡើងថា «រហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់លឺប្រជាជន និងសហគមន៍ម៉ាឡេស៊ី ដែលកំពុងរស់នៅរកស៊ីនៅ និងបំពេញការងារនៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញ និយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរពីកម្ពុជា ដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ, កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័រូបវន្ត បង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំងឡាយ»។
ការវាយតម្លៃរបស់លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសជួបសវនាការជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោ លោក ឃួង ស្រេង បានលើកឡើង ពីដំណើរការវិវឌ្ឍន៍របស់រាជធានីភ្នំពេញ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដោយចាត់ទុកទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី គឺជាទំនាក់ទំនង និងកិច្ចសហការយ៉ាងរលូនពីអតីតកាល។ តែទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបនៅឆ្នាំ១៩៩១ បានភ្ជាប់ទំនាក់ទំនងនេះឡើងវិញ។
លោក ឃួង ស្រេង គូសបញ្ជាក់ថា ថ្វីត្បិតយើងមានជំនឿសាសនាផ្សេងគ្នា តែយើងមានគោលនយោបាយរួមគ្នា កម្ពុជាគ្មានការរើសអើង និងប្រកាន់ពូជសាសន៍អ្វីនោះទេ។ កម្ពុជាគ្មានជំលោះសាសនាទេសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដមនីយ៍កម្មសាសនា គឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។
លោកអភិបាលបានបន្តថា មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេ ទើបស្គាល់តំលៃពិតនៃសន្តិភាព។ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ប្តេជ្ញារក្សាសន្តិភាពនេះឱ្យបាន។
នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានប្រគល់លិខិតអញ្ជើញដល់លោក ឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសិទធុរកិច្ច ដែលម៉ាឡេស៊ីនឹងប្រារព្វធ្វើ នៅខែតុលា ខាងមុខ នៅរដ្ឋសាលាង៉។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានជំរាបជូនលោក ឃួង ស្រេង ពីគោលបំណងចង់រៀបចំឱ្យមានការតាំងពិពណ៌ម៉ាឡេស៊ី នៅផ្លូវថ្មើរជើង មាត់ទន្លេនាខែសីហា ខាងមុខនេះដែរ។
ជាការឆ្លើយតប លោកអភិបាលបានស្វាគមន៍ ចំពោះគោលបំណងនេះ និងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានា ពេលមានបំណងចង់រៀបចំពិរព័រណ៍ តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងផងដែរ៕