(ហ៊ូណាន, ចិន)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង​កម្ពុជា​ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា កំពុងផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់​បណ្តាអ្នកវិនិយោគក្នុងខេត្តហ៊ូណាន ប្រទេសចិន។

ការទាក់ទាញវិនិយោគបរទេសចូលមកកម្ពុជា គឺជាគោលនយោបាយ​អាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ក្នុងនីតិកាលថ្មីនេះ ទាំងសម្តេច​ប្រមុខ​​រាជរដ្ឋាភិបាលកម្ពុជា, សមាជិករាជរដ្ឋាភិបាល ក៏ដូចជាវិស័យ​ឯក បានរួបរួមពួតដៃគ្នា ហើយធ្វើសកម្មភាពតាមមុខព្រួញរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូល​អ្នកវិនិយោគបរទេសឱ្យចូលមកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង​កម្ពុជា ក្រៅពីការ​អញ្ជើញធ្វើដំណើរអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញទៅ​ក្រៅប្រទេសជារឿយៗហើយនោះ លោកក៏តែងនាំដឹកនាំសមាជិកក្នុង​សមា​គមរបស់លោកចេញទៅផ្សព្វផ្សាយការវិនិយោគនៅប្រទេសចិន ជាញឹកញាប់ផងដែរ។

នៅដើមខែឧសភា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ បានដឹកនាំ​អ្នកវិនិយោគរបស់កម្ពុជាមួយក្រុមទៀត ចេញទៅកាន់ខេត្តហ៊ូណាន ប្រទេសចិន ដើម្បីផ្សព្វផ្សាយពីការវិនិយោគនៅកម្ពុជា។ ក្នុងដំណើរ​ផ្សព្វ​ផ្សាយ និងទាក់ទាញការវិនិយោគនេះ អ្នកឧកញ៉ា លី ឃុនថៃ បាន​ចុះទៅតាមក្រុងនានា ដោយបានចុះទស្សនកិច្ចផ្ទាល់នៅតាមក្រុមហ៊ុន​នានារបស់ចិន ព្រមទាំងរៀបចំសិក្ខាសាលា និងជំនួបជាមួយអ្នកវិនិ​យោគរបស់ចិនជាដើម។

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ បានរៀបចំ​សិក្ខា​សាលាមួយនៅទីក្រុងឆាំងសា ខេត្តហ៊ូណាន ប្រទេសចិន ដើម្បី​ផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់លោក វណ្ណ វិទ្យា អគ្គ​កុង​ស៊ុលកម្ពុជាប្រចាំនៅទីក្រុងឆុងឆីង និងអ្នកវិនិយោគមកពីបណ្តា​ក្រុមហ៊ុនធំៗរបស់ចិនប្រចាំខេត្តហ៊ូណានចំនួន៨០ក្រុមហ៊ុនផងដែរ។ ក្រុម​ហ៊ុនទាំង៨០នោះ រួមមាន​ក្រុមហ៊ុនវិស័យកសិកម្ម, ក្រុមហ៊ុនផលិត​រថយន្ត, ក្រុមហ៊ុនផលិតផលចំណីអាហារ, ក្រុមហ៊ុនអគ្គិសនី, រោង​ចក្រ​​ផលិតផលិតផលធ្វើដំណើរ និងវ៉ាលី និងរោងចក្រ​ផលិត​ចំណី​អាហារជាដើម។

ក្នុងពិធីនោះ លោក វណ្ណ វិទ្យា បានលើកបង្ហាញពីគោលនយោបាយ​ពាក់​​ព័ន្ធការវិនិយោគ​របស់រាជរដ្ឋាភិបាល ដែលមានការអនុគ្រោះ និង​ភាពបត់បែនច្រើន។ ជាពិសេសនោះ គឺការលើកទឹកចិត្ត និងការផ្តល់​កិច្ចគាំពារ​ខ្ពស់របស់រាជរដ្ឋាភិបាលទៅកាន់រាល់អ្នកវិនិយោគនៅ​កម្ពុជា។

ក្នុងនាមជាអ្នកវិនិយោគមួយរូបនៅកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ក៏​បាន​គូសរំលេចបន្ថែមពីបរិយាកាស និងសក្តានុពលនៃការវិនិយោគ​នៅ​កម្ពុជា ដូចជាទីផ្សារធំទូលាយ កម្លាំងពលកម្មវ័យក្មេងជាមួយប្រាក់​ឈ្នួលសមរម្យ បណ្តាញដឹកជញ្ជូនត្រូវបានលើកម្ពស់ និងតភ្ជាប់​ប្រទាក់​ក្រឡាគ្នា។ ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់កិច្ចគាំពារខ្ពស់ចំពោះអ្នកវិនិយោគ។

អ្នកឧកញ៉ា លី ឃុនថៃ បានទទូចឱ្យអ្នកវិនិយោគរបស់ចិនក្នុងហ៊ូ​ណាន ចាប់ឱកាសវិនិយោគនៅកម្ពុជា ដោយលោកបានធានាអះអាង​ថា ក្រុមហ៊ុននឹងទទួលបានការរីកចម្រើនជាមួយការវិនិយោគនៅកម្ពុជា។

ក្រុមអ្នកវិនិយោគរបស់ចិន ដែលបានចូលរួមក្នុងកម្មវិធី ក្រោយស្តាប់​ការ​បង្ហាញនូវទិដ្ឋភាពនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាហើយ​នោះ ពួកគេបានសម្តែងការចាប់អារម្មណ៍ ព្រមទាំងប្រកាសរកពេល​វេលាចុះមកពិនិត្យ និងសិក្សាដោយផ្ទាល់នៅលើទឹកដីកម្ពុជា៕