(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
អ្នកវិនិយោគរបស់ជប៉ុនខាងលើនេះ ត្រូវបានលោក ហៃ វណ្ណា ជាអតីតយុវជនរបស់អ្នកនយោបាយប្រឆាំងនៅប្រទេសជប៉ុន បានណែនាំមកកាន់ប្រទេសកម្ពុជា។
ពីអតីតកាលលោក ហៃ វណ្ណា ជាយុវជនរបស់អ្នកនយោបាយប្រឆាំងមួយរូប ដែលចាំតែជំទាស់ និងសម្តែងការទោមនស្សជារឿយៗជាមួយការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានបញ្ចេញសាររិះគន់ និងវាយប្រហារមិនដាច់នោះឡើយ។
កាលពីចុងឆ្នាំ២០២៤ លោក ហៃ វណ្ណា ក៏បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏លែងធ្វើសកម្មភាពវាយប្រហារលើរាជរដ្ឋាភិបាលទៀតដែរ។
បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហៃ វណ្ណា ដែលជាអ្នករកស៊ីមួយរូបនៅក្នុងប្រទេសជប៉ុនដែរនោះ ក៏បានចូលរួមសកម្មភាពជួយដល់ជាតិកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគជប៉ុនមកសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា៕