(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ ចាន់ សុខឡា មេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងក្រុមគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បៈការ្យ (គ.គ.វ) នៃក្រសួងអភិឌ្ឍន៍ជនបទ ចុះពិនិត្យការងារគ្រឿងបង្គុំផ្នែកលើនៃការសាងស្ពានថ្មីឆ្លងកាត់ស្ទឹងសែន ជូនដល់ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ ចាន់ សុខឡា បានបញ្ជាក់ថា ចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឧត្តមសេនីយ៍ទោ ចាន់ សុខឡា បានបន្តថា ប្រយោជន៍នៃស្ពាននេះបានបម្រើផ្នែកសេដ្ឋកិច្ច និងសង្គមមានសក្ដានុពលសម្រាប់ការទំនាក់ទំនង ទទួលសេវាសង្គម និងសេវាសាធារណៈជូនប្រជាពលរដ្ឋហើយការចុះត្រួតពិនិត្យការងារគ្រឿងបង្គុំផ្នែកខាងលើ រួមមាន (កម្រាល បេតុង បង្កាន់ដៃ ផ្លូវថ្មើរជើង)។

គួរបញ្ជាក់ថា ស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រទទឹង ៨ម៉ែត្រកម្ពស់ ១៥ម៉ែត្រ និងសាងសង់ផ្លូវបេតុង ៣០០ម៉ែត្រ ដោយភ្ជាប់ពីចំណុចភូមិឈូកស្ទឹង ឃុំឈូក ទៅភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ស្ថាបនាដោយកង វិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) (គម្រោងលេខ DRR-NC-2024-No. 072) ស្ថាបនារយៈ១២ខែ ដោយចាប់គិតពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥៕