(សៀមរាប)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ រវាងរថយន្ដ២គ្រឿង ជាមួយម៉ូតូមួយគ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រថយន្ដមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង3A-2875 បើកក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក HONDAD DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1X-4253 បើកបរក្នុងទិសដៅពីលិចទៅកើត បត់ឆ្វេងទៅជើង រួចបន្តបុករថយន្តកែច្នៃ ពណ៌ខៀវ គ្មានផ្លាកលេខ ដែលឈប់ក្បែរចិញ្ចើមផ្លូវ។
លោកឧត្តមសេនីយ៍ស្នងការ ដែលដឹកនាំកម្លាំងអន្ដរាគមន៍សង្គ្រោះ និងពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ បានអះអាងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះឈ្មោះ ដាត់ សារិន (អ្នកជិះម៉ូតូខាងក្រោយ) និងឈ្មោះ ហ៊ុល ចាន់ធល (អ្នករួមដំណើរក្នុងរថយន្ដ Hyundai)។ ដោយឡែក ម្នាក់ទៀតឈ្មោះ ហោ សុរិទ្ធ អ្នកបើកម៉ូតូរងរបួសធ្ងន់។ ចំពោះអ្នកបើករថយន្ដ Hyundai បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ភ្លាមៗក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ និងនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ធ្វើអន្តរាគមន៍ពិនិត្យ និងជួយសង្គ្រោះជនរងគ្រោះ ដែលរងរបួសធ្ងន់ម្នាក់ដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។ ចំណែកមនុស្សចំនួន២នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុ ក៏ត្រូវបានកងកម្លាំងចម្រុះ ធ្វើការកាត់បំណែករថយន្ត យកសាកសពប្រគល់ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
ក្រៅពីធ្វើអន្តរាគមន៍ជួយសង្គ្រោះអ្នករងគ្រោះ ក្នុងករណីនេះនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើនេះផងដែរ៕