(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៥នេះ បានអញ្ជើញអមព្រះរាជដំណើររបស់ព្រះករុណា ព្រះ​បាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរា​ជា​ណា​ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជា​ធិបតី​ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅ​ទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត និងសាររំលឹកអំពីពីអតីតកាល ៤០ឆ្នាំមុន ក្នុងឱកាសដែលចុះបំពេញការងារ នៅខេត្តកំពង់ឆ្នាំង ដែលសម្តេចជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតពីរសន្លឹកជាមួយខ្លឹមសារដូច្នេះថា «មកដល់ខេត្តកំពង់ឆ្នាំង នឹកដល់កាលពី៤០ឆ្នាំមុន ដែលខ្ញុំមកបំពេញការងាររយៈពេល២ថ្ងៃ និង១យប់នាខែធ្នូ ឆ្នាំ១៩៨៥។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ មកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវ និងលក់ទំនិញជូនប្រជាជន ព្រមទាំងសម្រេចផលិតចានត្រងជ័រកៅស៊ូចំនួន ២លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែង។ ៤០ឆ្នាំក្រោយកំពង់ឆ្នាំង ប្រែក្លាយជាខេត្តអភិវឌ្ឍមួយចំណែក ខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំ មក៧២ឆ្នាំដែរ។ ជូនភ្ជាប់នូវរូបថត ដែលមានអតីត អភិបាលខេត្ត ដោក ណារិន អមដំណើរ»