(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា បន្ទាប់ពីពិធីពិសាអាហារសាមគ្គីរួចមក បានអញ្ជើញក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន៨នាក់ ដែលមានអ្នកតាមដានរាប់លាននាក់ ជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

ការជិះលំហែនៅទីក្រុងភ្នំពេញ នាពេលរាត្រីដ៏សែនមនោរម្យនោះ ដើម្បីផ្តិតយករូបភាព និងវីដេអូអំពី សក្តានុពលតំបន់ទេសចរណ៍ ដោយផ្តល់ជូនដល់ភ្ញៀវទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សម្បូរបែប និងសម្រស់ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពស្រស់ត្រកាល និងបរិយាកាសប្រកបដោយកក់ក្តៅ។

ជាពិសេសសបញ្ជាក់ឲ្យឃើញពីទិដ្ឋភាពពិតនៅកម្ពុជា ពោលគឺសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឲ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តមានកំណើនជាលំដាប់នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីCambodia Airports និងលោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន ល្បាប់ នៅរាជធានីភ្នំពេញ៕