(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីក្នុប ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ក្លិបកីឡាបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមកីឡា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែរីកចម្រើនប្រសើរឡើង ហើយជាពិសេសត្រៀមបន្ត ចូលរួមប្រកួតប្រជែង សម្រាប់គ្រប់កម្មវិធីពានរង្វាន់នានាទាំងថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកីឡាករគ្រូបង្គោល និងក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកន្លងមកបានចូលរួមប្រកួតប្រជែង លើវិស័យកីឡាបាល់ទះ បានទទួលលទ្ធផលជោគជ័យជាបន្តបន្ទាប់ផងដែរ។ លោកបានប្តេជ្ញា និងធ្វើការគាំទ្រសម្រាប់ក្រុមកីឡាករបាល់ទះក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភទាំងថវិកា សម្ភារ និងមធ្យោបាយ រួមទាំងគាំទ្រយកចិត្តទុកដាក់ផ្នែកសុខភាពជូនកីឡាករ ហើយខិតខំប្រមូលកៀរគរសប្បុរសជននានា ឲ្យជួយឧបត្ថម្ភគាំទ្រដើម្បីឲ្យក្លិបកាន់តែរីកចម្រើន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជំរុញឲ្យក្រុមកីឡាករ បង្កើនខិតខំហ្វឹកហាត់ឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ទាំងបច្ចេកទេស និងជំនាញថ្មី ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រៀមចូលរួមការប្រកួតប្រជែងយកជ័យជម្នះរាល់ការប្រកួតយកពានរង្វាន់នានា និងបានណែនាំឲ្យមានការគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ការសាមគ្គឺភាពផ្ទៃក្នុង ទើបយើងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកបានឧបតម្ថថវិការបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល និងឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារ សម្រាប់អាហារសាមគ្គី៕