(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី យកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន១០០គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បាទជម្រាបជូនប្រជានេសាទ អំពីច្បាប់ស្ដីពីជលផល និងសេចក្តីណែនាំថ្មី របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យមានការសម្របសម្រួលការប្រើប្រាស់ រកបានសាច់អួន ដែលមានប្រវែងវែងជាងមុន តែត្រូវអនុវត្តតាមទំហំក្រឡា និងទីតាំងគម្លាតដែលបានកំកំណត់ ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ហើយមិនអនុញ្ញាតដាច់ខាត ក្នងការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ និងនេសាទនៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រី និងតំបន់ហាមឃាត់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័ន ជំនាញក្នុងការប្រកបមុខរបរនេសាទដើម្បីរក្សាធនធានមច្ឆជាតិរបស់យើង ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
លោកសំណូមពរប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕