(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ស្ថិតនៅក្នុង សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំការ បញ្ជូន សព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាម រថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាន នៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារសព ក្នុងឱកាសនេះ លោកវេជ្ជ. អ៊ុយ សំអុន បានថ្លែងថា បន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់រូបលោក និងសហការីមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចូលរួមបុណ្យសពម្នាក់ចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ បាត់បង់ នូវពលរដ្ឋកម្ពុជាដ៏ល្អមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍជាតិ មាតុភូមិ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ដែរ លោក អ៊ុយ សំអុន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕