(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប​លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើង​យ៉ាង​មហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែន​នីមួយៗ​​របស់កម្លាំង​នគរបាល​ជាតិផងដែរ។

នគរបាល​ជាតិ​ត្រូវ​បាន​បង្កើត​ឡើងដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វិរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ តាម​រយៈ​ព្រះរាជក្រម​លេខ៣៥ នស ចុះ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ១៩៤៥ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​នយោបាយ ដែល​កាលនោះ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​លើក​ទី​មួយ មាន​រយៈពេលជិត​៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី១៨ ខែ​មីនា ដល់​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ១៩៤៥ ក្រោយពី​ស្ថិត​ក្រោម​អាណានិគម​បារាំង ៨២ឆ្នាំ។

​កងកម្លាំង​នគរបាល​ជាតិ​ មានតួនាទីរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារ​ណៈ និង​សុវត្ថិភាព​សង្គម ការពារ​សុវត្ថិភាព សណ្ដាប់​ធ្នាប់ នៃ​សកម្មភាព​បាតុកម្ម-កូដកម្ម បញ្ចៀស​នូវ​រាល់​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​បាវចនា​​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ។ បន្ថែមលើនេះ គឺប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ពីការជួញដូរមនុស្ស អនុវត្ត​ច្បាប់អន្តោប្រវេសន៍ ច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបបទ​ល្មើស​ព្រៃឈើ ល្បែង​ស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងបម្រើដល់ពលរដ្ឋប្រកប​ដោយ​គុណធម៌។ល។

ពិធីអបអរសាទរថ្ងៃកំណើតរបស់នគរបាលជាតិ ត្រូវបានរៀបចំឡើង​ជា​រៀង​​រាល់ឆ្នាំ ក្នុងគោលបំណងសម្តែងនូវកត្តញ្ញុតាធម៌ ចំពោះព្រះមហា​ករុណា​ទិគុណដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរ​ត​ន​កោដ្ឋ ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ និងដើម្បីរំឭកនូវការធ្វើ​ពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែល​បានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញគ្រប់​និន្នាការ​សង្គម ​បង្កើតបាននូវស្នាដៃ សមិទ្ធផល បទពិសោធន៍ជាច្រើនឥតគណនា ដោយបន្សល់ទុកនូវគំរូវីរភាពដ៏ឧ្តុង្គឧត្តម សម្រាប់កងកម្លាំង​នគរបាលជាតិ​ជំនាន់ក្រោយយកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមាន​ភាពរីកចម្រើន។

ក្នុងសារអបអរសាទរខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិ, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែង​នូវក្តីសោម​ន​ស្ស​រីករាយយ៉ាងក្រៃលែង ចូលរួមអបអរសាទរក្នុងទិវា​ដ៏មានអត្ថន័យ​ថ្លៃថ្លា​របស់ជាតិ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តាំផ្ញើនូវការសាកសួរសុខ​ទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន​ដ៏ស្មោះស្ម័គ្រ​អស់​ពី​ដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនគរបាល និង​មន្ត្រីនគរបាលជាតិទាំងអស់នៅទូទាំងប្រទេស រួមទាំងនិវត្តន៍ជននគរ​បាល​ជាតិគ្រប់រូប ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ឯក​រាជ្យ អធិបតយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់​មន្ដ្រី​នគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាក​ព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន និងសូមជូន​ពរ​ឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មក រួមរស់ជួបជុំក្រុមគ្រួសារ និង​មកបំពេញការងារនៅតាមអង្គភាពវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រោមការដឹកនាំ​ផ្ទាល់របស់ក្រសួងមហាផ្ទៃជាច្រើនឆ្នាំមកនេះ កងកម្លាំងនគរបាលជាតិ​បាន​អភិវឌ្ឍខ្លួនឥតឈប់ឈរ និងបានសម្រេចស្នាដៃយ៉ាងច្រើនឥតឧបមា ដែល​បង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ជួយរាជរដ្ឋា​ភិបាល​ក្នុងការតស៊ូលើសមរភូមិសន្តិសុខ ជាពិសេសការតស៊ូ ទប់ស្កាត់ការវិល​ត្រឡប់​មកវិញនៃរបបប្រល័យពូជសាសន៍ និងការការពារសន្តិសុខជាតិ ស្ថិរ​ភាពសន្តិសុខផ្ទៃក្នុង ក៏ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិ​ភាព​សង្គម ក្នុងកាលៈទេសៈដ៏សែនលំបាក ដែលប្រទេសជាតិ ឆ្លងកាត់​ភាព​ក្រីក្រ សង្គ្រាមស៊ីវិល ការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតមកដល់​ដំណាក់​កាលសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ឆ្នាំ​២០២៥ នេះសភាពការណ៍ពិភពលោកអាចនឹងបន្តវិវត្តន៍​ប្រែប្រួលស្មុគ​ស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងបញ្ហាប្រឈមមួយចំនួន ជះ​ឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធា​រ​ណៈ និងសុវត្ថិភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។ រីឯសភាពការណ៍​ផ្ទៃ​ក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែ​ក្នុងប​រិបទដែលមានការគំរាមកំហែងនៃប្រភេទ បទល្មើសថ្មី បទល្មើសមិន​ប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំង។ល។ បាន​ធ្វើ​ឱ្យ​សំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជា​បរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវ​ការ​ចាំ​បាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ លំដាប់​ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមន​សិការ​ជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកប​ដោយ​ប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាកម្ពុជា នៅតែ​ស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និង​គ្រប់សហគមន៍។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាង​មុត​មាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្ដីភាពរបស់កង​កម្លាំង​នគរបាលជាតិ និងសម្ដែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភ គាំទ្រ​ទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជា​កម្លាំង​អនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និងកិត្យានុភាព៕