(សៀមរាប)៖ លោកស្រី វីននី ប៊ីយ៉ាន់យីម៉ា (Winnie Byanyima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ (UNAIDS) បានថ្លែងកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ពិសេសការសហការគ្នាបានយ៉ាងល្អរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការដៃគូ ជាពិសេសជាមួយកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំប្រចាំប្រទេស។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី វីននី ប៊ីយ៉ាន់យីម៉ា ក្នុងឱកាសជំនួបអាហារថ្ងៃត្រង់ជាមួយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ក្នុងជំនួបនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី វីននី ប៊ីយ៉ាន់យីម៉ា ក៏បានកោតចំពោះអាជ្ញាធរអេដស៍ ដែលមានកាកបាទក្រហមកម្ពុជា ជួយជ្រោមជ្រែង ដោយមានបណ្តាញអ្នកស្ម័គ្រចិត្ត មានយុវជនកាកបាទក្រហមកម្ពុជា បានបំពេញការងារយ៉ាងសកម្មនៅតាមសហគមន៍។ ទន្ទឹមនឹងនោះលោកស្រីតំណាង UNAIDS បានសំណូមពរឱ្យកាកបាទក្រហមកម្ពុជា បន្តជួយលើការងារនេះបន្ថែមទៀត។

ជាការឆ្លើយតបលោកស្រី ម៉ែន នារីសោភ័គ កន្លងមកកាកបាទក្រហមកម្ពុជា នឹងបន្ដជួយក្នុងការឆ្លើយតបមេរោគអេដស៍នេះ។ លោកស្រីថ្លែងទៀតថា កន្លងមកកាកបាទក្រហមកម្ពុជា តែងតែជួយ និងពង្រឹងលើការចូលរួមចំណែកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានយល់ដឹងពីការពារ បង្ការ និងព្យាបាលមេរោគអេដស៍ ជំងឺអេដស៍ ជាពិសេសការផ្ដល់ការថែទាំ និងលើទឹកចិត្ដអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ខាងផ្នែកជីវភាព ផ្លូវចិត្ដ និងបន្ដធ្វើជាគំរូ ក្នុងការមិនរើសអើងអ្នកកើតជំងឺអេដស៍។

លោកស្រីថ្លែងបន្ថែមថា ការចូលរួមចំណែកឱ្យសមិទ្ធផលដែលសម្រេចបានជោគជ័យក្នុងការឆ្លើយតបមេរោគអេដស៍នេះ គឺដោយសារកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលសម្តេចប្រធាន បានចាត់ឱ្យមានយន្តការច្បាស់លាស់ គឺបង្កើតឱ្យមានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅតាមសាខារាជធានីខេត្តទាំង២៥ ដែលបាននិងកំពុងធ្វើសកម្មភាពដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា បច្ចុប្បន្នកំពុងដំណើរការផលិតកម្មវិធីទូរទស្សន៍ ឈ្មោះថាកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជាកម្មវិធីប្រចាំខែ ដែលផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញព័ត៌មានសង្គម ដែលក្នុងនោះមានកម្មវិធីដែលនិយាយពីសកម្មភាពទប់ស្កាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូននិងនិយាយពីបញ្ហាអេដស៍ និងមានកិច្ចពិភាក្សាចំនួន២ ក្នុង១ឆ្នាំ ជុំវិញប្រធានបទ ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ដោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានសមាសភាពមកពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ (NCHADS) ដែលកំពុងប្រកៀកស្មាគ្នាបំពេញការងារឆ្លើយតបបញ្ហាអេដស៍បានយ៉ាងល្អប្រសើរ៕