(ភ្នំពេញ)៖ ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាធ្លាប់ជាព្រៃរងទឹកភ្លៀងត្រូពិចដ៏ស្អាតបំផុត និងលាតសន្ធឹងតភ្ជាប់គ្នានៅអាស៊ីដីគោក។ ប្រទេសកម្ពុជាបានឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ដោយសារតែអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការអូសបន្លាយដ៏យូរនៃសង្គ្រាមស៊ីវិល។ គ្រួសារជាច្រើនដែលធ្លាប់រស់នៅពឹងអាស្រ័យលើព្រៃឈើត្រូវបានបាត់បង់ដី ហើយសម្ភារប្រើប្រាស់សម្រាប់ចិញ្ចឹមជីវិតក៏ត្រូវបានគេរឹបអូស ដែលនេះបង្ខំឱ្យពួកគាត់ពឹងផ្អែកលើការធ្វើកសិកម្មដោយការកាប់រាន និងដុតព្រៃ ដាក់អន្ទាក់ និងលក់សត្វព្រៃដើម្បីចិញ្ចឹមជីវិត។
អំឡុងពេលនោះ បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិទិញលក់សត្វព្រៃនៅលើទីផ្សារងងឹតរបស់ប្រទេសចិនមានការរីកផុសផុលជាខ្លាំង។ នៅចន្លោះឆ្នាំ២០០០ និង២០០២ សត្វខ្លាធំចំនួន ២៨ក្បាល និងដំរីចំនួន ៣៧ក្បាលត្រូវបានគេសម្លាប់។ ព្រៃឈើត្រូវបានគេកាប់រាននិងដុតគ្រប់ទីកន្លែង។ ភាពក្រីក្របានរីករាលដាល ហើយគ្រួសារជាច្រើនបានធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន និងការបំផ្លិចបំផ្លាញបរិស្ថាន។
នៅឆ្នាំ២០០២ ក្រុមការងារយើងបានទទួលភារកិច្ចពីរដ្ឋាភិបាលកម្ពុជាក្នុងការការពារជួភ្នំក្រវាញខាងត្បូង និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើយ៉ាងគគ្រឹកគគ្រេង បង្កឡើងដោយទាហានទុច្ចរិតដែលបាត់បង់ការងារនិងកំពុងធ្វើការទន្ទ្រានយកដីរដ្ឋដើម្បីលក់បន្ត។
ច្រករបៀងនៃឧក្រិដ្ឋកម្មបានលេចជារូបរាងឡើង បន្ទាប់ពីការសាងសង់ផ្លូវហាយវេ តភ្ជាប់ប្រទេសកម្ពុជានិងប្រទេសថៃ។ ការចូលទៅក្នុងព្រៃតាមរយៈផ្លូវហាយវេពីសំណាក់អ្នកកាប់ឈើនិងអ្នកប្រមាញ់សត្វបានដុតបំផ្លាញព្រៃរហូតដល់ ៣០០ ទៅ ៦០០ហិកតា ក្នុងមួយខែ។ រាជរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃផ្តល់ជំនួយបច្ចេកទេស ដើម្បីបញ្ឈប់សកម្មភាពទាហានទុច្ចរិតនិងអ្នកជួញដូរខុសច្បាប់។
គណៈកម្មាធិការអន្តរក្រសួងមួយត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់រដ្ឋបាលព្រៃឈើ និងមានអង្គការសម្ព័ន្ធសត្វព្រៃទទួលបានអាណត្តិរបស់ខ្លួនដើម្បីការពារថែរក្សាព្រៃឈើ និងសត្វព្រៃ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ។ គណៈកម្មាធិការនេះមានសមាសភាពមកពីក្រសួងពាក់ព័ន្ធមូយចំនួន និងដោយទទួលបានសិទ្ធិអំណាចពីរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយជ្រើសរើសមន្ត្រី បណ្តុះបណ្តាល និងបង្កើតស្នាក់ការល្បាតអនុវត្តច្បាប់ ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល នៅទូទាំងតំបន់ព្រៃតាមបណ្តោយផ្លូវហាយវេ។ ការតាមប្រមាញ់ចាប់ខ្លួនជនល្មើសជាផ្នែកមួយនៃការអនុវត្តច្បាប់ ប៉ុន្តែលើសពីនេះទៅទៀត ប្រតិបត្តិការល្បាតទាំងនេះតំណាងឱ្យវត្តមាននៃសិទ្ធអំណាច និងគោលបំណងរបស់រដ្ឋ។ ប្រតិបត្តិការល្បាតនេះពិតជាមានសារៈសំខាន់ ដោយសារតំបន់នេះត្រូវបានទុកចោលដោយគ្មានការគ្រប់គ្រងនិងគ្មានការត្រួតពិនិត្យដោយរាជរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំដោយសារភ្លើងសង្គ្រាម។
ក្នុងរយៈពេល ៩ខែដំបូងនៃប្រតិបត្តិការនេះ ក្រុមល្បាតរឹបអូសបានដីព្រៃ ៤០១ទីតាំង ដែលគេបានចាប់យក ហើយប្រគល់ជូនទៅរដ្ឋវិញ។ ការប្រមាញ់សត្វដំរីត្រូវបានកាត់បន្ថយ ៩៨% ហើយការសម្លាប់សត្វខ្លាធំត្រូវបានកាត់បន្ថយពាក់កណ្តាល។ ឃាតករខ្លាធំដែលគេតាមវែកមុខក្នុងប្រទេស ឈ្មោះ ង៉ោ នុន ដែលក្រោយមកត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។
នៅឆ្នាំ២០០៣ ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់របស់អភិបាលខេត្ត ការបោះជំហានថ្មីគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើង នោះគឺការបោះបង្គោលកំណត់ព្រំប្រទល់ស្របច្បាប់នៃផ្លូវហាយវេ និងព្រំប្រទល់ស្របច្បាប់សម្រាប់ភូមិនៅតាមបណ្តោផ្លូវហាយវេ។ លទ្ធផលដែលគេបានមើលឃើញចេញពីកិច្ចខិតខំប្រឹងប្រែងនេះ គឺការកំណត់ព្រំប្រទល់បានច្បាស់លាស់រវាងដីសហគមន៍ ដែលប្រជាពលរដ្ឋអាចដាំដុះនិងសាងសង់ផ្ទះ និងតំបន់ព្រៃដែលមានការពារយ៉ាងតឹងរ៉ឹងនិងមិនអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍។
នៅខែវិច្ឆិកា ឆ្នាំ២០០៣ ផែនទីអភិវឌ្ឍន៍ត្រូវបានចុះហត្ថលេខានិងអនុម័តដោយរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ បង្គោលកំណត់ព្រំប្រទល់ត្រូវបានតម្លើង ដើម្បីកំណត់គោលបំណងនៃតំបន់នីមួយៗ។ ភ្លើងឆេះព្រៃភាគច្រើន ដែលបង្កឡើងដោយទាហានទុច្ចរិត បានស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង រីឯចំនួននៃ
ការចូលទន្ទ្រានដុតព្រៃត្រូវបានកាត់បន្ថយមកនៅត្រឹម៣ ទៅ៥ដងក្នុងមួយសប្តាហ៍។ ការធ្វើកសិកម្មដោយការកាប់រាននិងដុតព្រៃដែលបង្កឡើងដោយកសិករក្រីក្រខ្វះខាតដីធ្លីនៅតែជាបញ្ហាប្រឈមខ្លាំង ជាពិសេស នៅតំបន់ព្រលាន ជីផាត និងឆាយអារ៉ែង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការយ៉ាងជិតស្និទ្ធជាមួយអភិបាលខេត្តនិងគណៈកម្មាធិការ ដើម្បីបង្កើតផែនការសម្រាប់ជំហានបន្ទាប់។ យើងបានបញ្ចប់ការបោះបង្គោលកំណត់ព្រំប្រទល់លើដី ចុះប្រតិបត្តិការល្បាតយ៉ាងតឹងរ៉ឹងនិងខ្លាំងក្លា ហើយបានចាប់ផ្តើមបង្កើតភូមិកសិកម្មថ្មី សុវណ្ណាបៃតង។
ដោយមើលឃើញពីភាពតានតឹងនៃស្ថានភាពនៅជីផាត យើងបានជ្រើសរើសសហគមន៍នេះជាតំបន់បង្គោលដំបូងគេរបស់យើង។ គោលដៅរបស់យើង គឺដើម្បីបង្កើតសហគមន៍កសិកម្មថ្មីមួយដែលអាចមានលទ្ធភាពទ្រទ្រង់ខ្លួនឯងបាន ដោយប្រជាពលរដ្ឋមិនចាំបាច់ចូលកាប់រាននិងដុតព្រៃដើម្បីយកដីធ្វើកសិកម្មនិងចាប់សត្វព្រៃ ហើយដើម្បីបញ្ឈប់សកម្មភាពទាំងនេះ យើងត្រូវកសាងសង្គមយុត្តិធម៌មួយ ដែលលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងការពារព្រៃឈើដោយភាពស្មោះត្រង់។ ដើម្បីសម្រេចកិច្ចការនេះ រដ្ឋាភិបាលប្តេជ្ញាចិត្តផ្តល់ដីសម្បទានដល់កសិករទាំងអស់ ជាដីដាំដុះអចិន្ត្រៃយ៍មានការកំណត់ព្រំប្រទល់ដីច្បាស់លាស់ និងមានការធានាផ្តល់ប័ណ្ណកម្មសិទ្ធសម្រាប់ដីទាំងអស់ពីក្រសួងរៀបចំដែនដី។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទទួលភារកិច្ចជួយអភិវឌ្ឍកសិកម្មបែបទំនើបនិងផ្តល់នូវធាតុចូលចាំបាច់ ដូចជាឧបករណ៍ បសុសត្វ គ្រាប់ពូជ កូនឈើ និងត្រូវបានស្នើសុំឱ្យជួយស្វែងរកមូលនិធិ។ ដូច្នេះ យើងបានជួយទៅលើកិច្ចការនេះ។
ក្នុងចំណោមគ្រួសារចំនួន៥៨៥ ដែលរស់នៅតំបន់ជីផាតក្នុងឆ្នាំ២០០២ មានគ្រួសារចំនួន២៨០ ចិញ្ចឹមជីវិតដោយពឹងផ្អែកលើការធ្វើកសិកម្មដោយការកាប់រាននិងដុតព្រៃ។ នៅឆ្នាំ២០០៤ គ្រួសារចំនួន៧៥ បានផ្លាស់ទៅរស់នៅសហគមន៍បង្កើតថ្មី ហើយមានគ្រួសារជាច្រើនទៀតបានផ្លាស់មករស់នៅក្នុងឆ្នាំបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី មេភូមិដែលមានគំនិតអាក្រក់បានរារាំង និងមិនអនុញ្ញាត្តិឱ្យគ្រួសារជាច្រើនទៀតផ្លាស់ទីលំនៅមកកាន់សហគមន៍បង្កើតថ្មីសុវណ្ណាបៃតងនោះទេ ហើយថែមទាំងបានគំរាមដុតសៀវភៅគ្រួសាររបស់ពួកគាត់ចោលទៀតផង ប្រសិនបើពួកគាត់ហ៊ានចាកចេញ។ សៀវភៅគ្រួសារគឺជា
ឯកសារផ្លូវការសំខាន់របស់គ្រួសារ ហើយការបំផ្លាញឯកសារទាំងនេះស្មើនឹងការលុបបំបាត់ស្ថានភាពស្របច្បាប់នៃគ្រួសារមួយនិងសុវត្ថិភាពនៃសញ្ជាតិខ្មែររបស់ពួកគាត់។
នៅខែមករា ឆ្នាំ២០០៤ បន្ទាប់ពីការធ្វើផែនការ និងការសាងសង់អស់រយៈពេលមួយឆ្នាំ គម្រោងអភិវឌ្ឍន៍សមាគមកសិកម្ម (CADP) បានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការ។ រដ្ឋាភិបាលបានផ្តល់ដីរដ្ឋចំនួន ១,៨០០ហិកតា ខណៈដែល USAID បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ។ ជំនួយសប្បុរសនេះបានជួយសម្រួលដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការទិញធាតុចូលកសិកម្ម និងការទិញឧបករណ៍សម្រាប់ក្រុមអ្នកជំនាញកសិកម្ម និងអ្នកអភិវឌ្ឍន៍សហគមន៍។ DANIDA ប្រទេសដាណឺម៉ាកបានផ្តល់មូលនិធិសម្រាប់ការសាងសង់អណ្តូងសម្រាប់គ្រួសារ និងការបណ្តុះកូនឈើហូបផ្លែ។
Kusanone Fund ជប៉ុនបានបរិច្ចាគថវិកាសម្រាប់សាលារៀន និងទិញឧបករណ៍កសិកម្ម។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានដឹកនាំគម្រោងនេះដោយផ្ទាល់។ យើងបានគ្រប់គ្រងដោយផ្ទាល់លើការអភិវឌ្ឍន៍សហគមន៍ ដោយការរស់នៅនិងចុះជាប់ផ្ទាល់ជាមួយសហគមន៍ និងកសិករ។ ក្រុមការងាររបស់យើងបានបន្តរស់នៅ និងឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដើម្បីសិក្សា បង្រៀន និងសម្របខ្លួន។ ចាប់តាំងពីគម្រោងអភិវឌ្ឍន៍សមាគមកសិកម្ម (CADP) បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៤ គម្រោងបានវិវត្តខ្លួនក្លាយជាគំរូកសិកម្មទំនើបយ៉ាងជោគជ័យ និងមាននិរន្តរភាព ដែលជាសហគមន៍សុវណ្ណាបៃតងសព្វថ្ងៃនេះ។
សហគមន៍បានជួបប្រទះបញ្ហាជាច្រើនទម្រាំក្លាយខ្លួនជាគំរូនៃអភិបាលកិច្ចល្អដូចបច្ចុប្បន្ន។ ដីនៅក្នុងគម្រោងអភិវឌ្ឍន៍សមាគមកសិកម្ម (CADP) កាលពីមុនជាដីខ្សាច់ ខ្សោះជីជាតិ មាន pH ទាប និងខ្វះសារធាតុចិញ្ចឹម។ បញ្ហានេះកាន់តែធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ច្រើននៅរដូវវស្សា តែមានកម្រិតនៅ
រដូវប្រាំងហើយកសិករខ្វះដើមទុន ដើម្បីទិញជី និងធាតុចូលចាំបាច់ផ្សេងៗដើម្បីប្រែក្លាយដីចម្ការឱ្យអាចដាំដុះបាន។
ការថែរក្សានូវគុណភាពដីជាកិច្ចការគួរពិចារណាដ៏សំខាន់មួយសម្រាប់លទ្ធភាពជោគជ័យយូរអង្វែង ខណៈដែលលក្ខខណ្ឌដំបូងរបស់ដីក្នុងគម្រោងរបស់យើងមិនអំណោយផលទាល់តែសោះ។ តាមរយៈកម្មវិធីកែប្រែដីដែលបានបង្កើតឡើងអ្នកជំនាញកសិកម្ម យើងបានខិតខំកែប្រែដីដែលមានជាតិអាស៊ីតខ្ពស់ ខ្វះសារធាតុសរីរាង្គ និងជាដីខ្សាច់ផុសមិនអាចរក្សាទឹកបាន។
ផែនការកែប្រែដី រួមមានការបន្ថែមសារធាតុចិញ្ចឹមដល់ដី ដើម្បីឱ្យដីអាចមានជីរជាតិឡើងវិញក្នុងរយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីដែលយើងប្រើប្រាស់ដើម្បីកែប្រែដីឡើងវិញត្រូវបានបង្កើតឡើងដោយអ្នកជំនាញកសិកម្មមកពីប្រទេសអ៊ីស្រាអែល។ អ្នកជំនាញបានធ្វើការវិភាគដំណាក់កាលដំបូងរបស់ខ្លួននិងបានដឹកនាំក្រុមអ្នកជំនាញកសិកម្មកម្ពុជាដែលទើបបញ្ចប់ការសិក្សា ដោយបានទៅរស់នៅនិងចុះជាប់ជាមួយកសិករសហគមន៍សុវណ្ណាបៃតងអស់រយៈពេល១១ឆ្នាំ។
ជំនាញបច្ចេកទេស និងការលះបង់របស់អ្នកជំនាញកសិកម្មរបស់យើង គឺជារឿងដ៏គួរឱ្យកោតស្ញប់ស្ញែង ហើយក្រោមការណែនាំរបស់អ្នកជំនាញកសិកម្ម សហគមន៍អាចស្តារដីខ្សាច់ដែលគ្មានជីរជាតិ ត្រលប់ទៅជាដីមានជីវិតថ្មីអាចដាំដុះបាន។ អ្នកជំនាញកសិកម្មជាតិដែលបានទទួលការបណ្តុះបណ្តាលក្រោមការដឹកនាំរបស់អ្នកជំនាញកសិកម្មអន្តរជាតិ សព្វថ្ងៃនេះកំពុងបន្តគ្រប់គ្រងដីចម្ការក្នុងគម្រោង។
អ្នកជំនាញកសិកម្មបានប្រើប្រាស់វិធីសាស្ត្រដំណាក់កាលទីមួយរបស់ខ្លួននៅក្នុងអំឡុងពេលដំបូងនៃរដូវប្រាំង។ យើងបានបន្ថែមល្បាយនៃលាមកសត្វ ជីកំប៉ុស និងជន្លេនទៅក្នុងរងដំណាំជាច្រើនក្នុងចម្ការ។ ដំណាក់កាលទីពីរគឺអំឡុងពេលបន្ទាប់នៃរដូវប្រាំង ដែលជាពេលមានកំដៅខ្លាំង និងមានភ្លៀងធ្លាក់តិច យើងបានបន្ថែមល្បាយដូចគ្នា និងតម្លើងសំណាញ់ការពារ។ ដំណាក់កាលទីបីគឺរដូវវស្សា។ យើងបានបន្តបន្ថែមល្បាយដូចគ្នានេះទៅលើដំណាំក្នុងថ្នាលបណ្តុះកូនបន្លែ។ ចំពោះដំណាំក្នុងដីចម្ការ យើងដាំសណ្ដែកដី ដើម្បីទប់ដីកុំឱ្យហូរច្រោះដោយសារភ្លៀងធ្លាក់ខ្លាំង។
ការបង្កើតថ្មីមួយទៀតនៃគម្រោងនេះ គឺវិធីសាស្រ្តផលិតជីកំប៉ុស។ វិធីសាស្ត្រនេះផលិតជីកំប៉ុសបានកាន់តែលឿន ហើយថែមទាំងជួយឱ្យភូមិកសិកម្មរបស់យើងមានភាពលេចធ្លោជាមួយនឹងការរីកចម្រើននៃបច្ចេកទេសបន្សាំនិងមានប្រសិទ្ធផលខ្ពស់។ ជីកំប៉ុសត្រូវបានផ្សំឡើងពីលាមកសត្វ ស្មៅ និងថ្មកំបោរ។
ជីកំប៉ុសត្រូវបានយកទៅខ្ចប់ក្នុងថង់ប្លាស្ទិក ទុកចោលក្រោមពន្លឺថ្ងៃ ហើយអាចប្រើប្រាស់បានក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ។
លទ្ធភាពទទួលបានទឹកប្រើប្រាស់គឺជាបញ្ហាប្រឈមមួយទៀត។ យើងបានរៀបចំតម្លើងម៉ាស៊ីនបូមទឹកដើម្បីផ្គត់ផ្គង់ទឹកដោយផ្ទាល់ទៅតាមផ្ទះនិងដីចម្ការនីមួយៗ ដែលនេះគឺជាការវិនិយោគដ៏ធំបំផុតមួយសម្រាប់គម្រោងអភិវឌ្ឍន៍សមាគមកសិកម្ម (CADP)។ បច្ចុប្បន្ននេះ យើងមានប្រព័ន្ធម៉ាស៊ីនបូមទឺកចំនួន ៥ ដែលមានបណ្តាញទុយោ តចេញពីម៉ាស៊ីនបូមទឹកមេទៅកាន់ដីចម្ការទាំងអស់។ ការផ្គត់ផ្គង់ទឹកដោយផ្ទាល់នេះ បង្កើតបានជាប្រព័ន្ធស្រោចស្រពតំណក់ទឹកសម្រាប់ដំណាំបន្លែក្នុងដីចម្ការ។ ប្រព័ន្ធស្រោចស្រពតំណក់ទឹកជួយសន្សំសំចៃទឹក និងជួយផ្តល់សារធាតុចិញ្ចឹមដល់ដីបានយ៉ាងមានប្រសិទ្ធភាព ដែលប្រព័ន្ធនេះក៏ជួយបង្កើនលទ្ធភាពផលិតជីរជាតិសម្រាប់ដីបានល្អផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះបានជួយឱ្យប្រជាកសិករទទួលបានទិន្នផលដំណាំខ្ពស់ មានន័យថាកសិករទទួលបានចំណូលកើនឡើងទៅតាមនោះដែរ។
គ្រួសារនីមួយៗទទួលបានដីទំហំ១ហិកតាកន្លះ។ ដីកន្លះហិកតាត្រូវបានបែងចែកសម្រាប់ការដាំបន្លែដោយប្រើប្រព័ន្ធស្រោចស្រពតំណក់ទឹក និងបច្ចេកទេសបង្កើនជីរជាតិដី។ វិធីសាស្ត្រនេះជួយឱ្យកសិករប្រមូលផលបានយ៉ាងតិចណាស់មួយដងក្នុងមួយសប្តាហ៍សម្រាប់លក់នៅទីផ្សារ ដែលខុសពីជីវភាពកាលពីពួកគាត់រស់នៅក្នុងព្រៃ។ ចំពោះដី១ហិកតា កសិករដាំដើមឈើហូបផ្លែរួមជាមួយនឹងពោត ខណៈដែលដីកន្លះហិកតាទៀតជាជម្រើសរបស់កសិករ ដែលជាធម្មតាកសិករអាចដាំស្រូវ ឬដាំដំណាំតាមចំណូលចិត្តផ្សេងទៀតដែលពួកគាត់ធ្លាប់ដាំ។ បន្លែត្រូវបានដាំដុះនៅលើដីដែលសំបូរទៅដោយជីរជាតិ ហើយក្នុងរដូវវស្សា កសិករគ្របប្លាស្ទិកពីលើរងដំណាំដើម្បីការពារការហូរច្រោះ ខណៈនៅរដូវក្តៅខ្លាំងបំផុត កសិករតម្លើងជាសំណាញ់ម្លប់គ្រប់ពីលើរងដំណាំរបស់ពួកគាត់។
នៅពេលសម្រេចចិត្តថាតើត្រូវដាំដំណាំអ្វី គម្រោងពិចារណាយ៉ាងល្អិតល្អន់ទៅលើតម្រូវការទីផ្សារក្នុងស្រុក និងការដាំដំណាំចម្រុះឱ្យបានកាន់តែច្រើន។ មុនពេលយើងចូលមកដល់តំបន់នេះ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរចូលព្រៃកាប់ឈើ និងដាំដំណាំដែលធន់នឹងអាកាសធាតុក្តៅខ្លាំង ហើយផ្តល់ផលបានតែមួយដងក្នុងមួយឆ្នាំដូចជាស្រូវ និងដំឡូងមី ជាដើម។ សម្រាប់ការដំណាំសាច់ប្រាក់ដែលដាំដុះដោយមានជំនួយពីប្រព័ន្ធស្រោចស្រពតំណក់ទឹក កសិករអាចដាំឪឡឹក ម្ទេស ស្លឹកគ្រៃ ត្រប់ ប៉េងប៉ោះ ខ្នុរ ធុរេន សាវម៉ាវ ល្ហុង ខ្វិត ទៀប ជម្ពូ ទឹកដោះគោ ភ្ញៀវ កំពីងរាជ មង្ឃុត និងដំណាំមួយចំនួនទៀត។
យើងបានសាកល្បងវិធីសាស្រ្តជាច្រើនក្នុងការបណ្តុះបណ្តាលកសិករឱ្យចេះពីជំនាញបច្ចេកទេស។ ការបង្រៀនក្នុងថ្នាក់ ឬការណែនាំដោយមានតែទ្រឹស្តីមិនមានប្រសិទ្ធភាពនោះទេ។ វិធីសាស្រ្តតែមួយគត់នៃការរៀនដែលមានប្រសិទ្ធភាពនោះគឺ "ការរៀនដោយចុះអនុវត្តផ្ទាល់" ។ យើងបានបែងចែកក្រុមអ្នកជំនាញកសិកម្មរបស់យើងជាក្រុមតូចៗចំនួន១១ក្រុម ដែលក្រុមនីមួយៗផ្តោតលើក្រុមកសិករជាក់លាក់មួយ ហើយសហការអនុវត្តជាមួយកសិករនៅលើដីរបស់ពួកគាត់ផ្ទាល់។
ដំបូងឡើយ កសិករមួយចំនួនមានមន្ទិលសង្ស័យអំពីប្រសិទ្ធភាពនៃប្រព័ន្ធស្រោចស្រពតំណក់ទឹក។ កសិករបានបន្តស្រោចទឹកដំណាំដោយប្រើកម្លាំងអស់រយៈពេលជាច្រើនខែ មុនពេលកសិករមានទំនុកចិត្ត និងទទួលស្គាល់ពីអត្ថប្រយោជន៍នៃប្រព័ន្ធស្រោចស្រពតំណក់ទឹក។ ភាពជោគជ័យទាំងនេះបានកសាងទំនុកចិត្តចំពោះគម្រោងកាន់តែខ្លាំងឡើងៗ ហើយបង្កើតជាផលវិជ្ជមានយ៉ាងទូលំទូលាយ។ ដោយមានការចូលរួមយ៉ាងសកម្ម គម្រោងហាក់មានវឌ្ឍនភាពទៅមុខល្អប្រសើរ។ កសិករដែលមិនចាប់អារម្មណ៍ ឬបាក់ទឹកចិត្តទំនងជាមិនអាចរីកចម្រើននោះទេ។
តាមរយៈការចុះជាប់ជាប្រចាំ និងការរក្សាទំនាក់ទំនងជាបន្តបន្ទាប់ជាមួយកសិករ គម្រោងបានដោះស្រាយនូវបញ្ហាទឹកដែលជាបញ្ហាប្រឈមដ៏សំខាន់។ កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញពីភាពខុសគ្នារវាងគំរូចេញពីទ្រឹស្តីដែលមានសរសេរតែនៅក្នុងសាកលវិទ្យាល័យឬទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល និងគំរូដែលផ្តល់នូវលទ្ធផលជាក់ស្តែងនៅក្នុងវិស័យនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អ្នកជំនាញកសិកម្មបានចុះជាប់ជាមួយកសិករប្រចាំថ្ងៃ ប្រើរយៈពេលជាច្រើនខែ ដើម្បីបង្រៀនពួកគាត់ឱ្យរៀនតាមការអនុវត្តជាក់ស្តែង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។
មានគ្រួសារជាច្រើនពិបាកនឹងឆ្លងកាត់ភាពឯកោក្នុងសង្គម។ គ្រួសារមួយចំនួនបានដាច់ទំនាក់ទំនងស្ទើរតែទាំងស្រុងជាមួយសង្គមដ៏ទូលំទូលាយខាងក្រៅក្នុងអំឡុងសង្គ្រាមស៊ីវិល ដែលពួកគាត់ជឿថាសង្រ្គាមស៊ីវិលនៅតែបន្តអូសបន្លាយ ទោះបីជាវាបានផុតរលត់ជាច្រើនឆ្នាំមកហើយក៏ដោយ។ មុនពេលផ្លាស់មក
រស់នៅភូមិសុវណ្ណាបៃតង ពួកគាត់បានរស់នៅយ៉ាងឯកោក្នុងព្រៃ ដោយមិនមានសេវាថែទាំសុខភាព ហើយកុមារក៏មិនបានចូលសាលារៀនដែរ។
ដើម្បីជម្នះភាពឯកោក្នុងសង្គម ក៏ដូចជាជួយសហគមន៍បង្កើតសង្គមស៊ីវិលឡើងវិញ យើងបានបង្កើតសមាគមកសិកម្ម ដោយមានបែងចែកជាក្រុមការងារតូចៗ ទទួលខុសត្រូវគ្រប់គ្រងសេវាសង្គមមូលដ្ឋានដូចជា ក្រុមទីផ្សារ ក្រុមលក់ ក្រុមការពារបរិស្ថាន សុខភាព និងឥណទានខ្នាតតូច។ នៅក្នុងក្រុមការងារ
ទាំងអស់មានស្ត្រីចូលរួមក្នុងមុខតំណែងដែលមានសិទ្ធសម្រេចចិត្តយ៉ាងតិចណាស់៥០%។ អ្នកដឹកនាំក្រុមការងារមានទំនួលខុសត្រូវផ្តល់ការគាំទ្រដោយផ្ទាល់បន្ថែមទៀតទៅលើសុខុមាលភាពគ្រួសារ។
នៅឆ្នាំ២០០៤ គោលដៅប្រាក់ចំណូលដំបូងរបស់យើងសម្រាប់គ្រួសារនីមួយៗត្រូវបានកំណត់ត្រឹម ៤០ ដុល្លារក្នុងមួយខែ។ នេះជាចំនួនទឹកប្រាក់ដែលកសិករធ្លាប់ទទួលបានពីការកាប់រាននិងដុតព្រៃ ហើយនេះអាចរាប់បានថាជាទឹកប្រាក់ដែលល្អបំផុតមួយ។ កាលពីមុន កសិកររកប្រាក់ចំណូលបានជាអតិបរមាប្រហែលប្រាំពីរដុល្លារប៉ុណ្ណោះក្នុងមួយខែ។
គិតត្រឹមឆ្នាំ២០១០ រយៈពេលប្រាំមួយឆ្នាំនៃគម្រោង គ្រួសារ ៨៦% សម្រេចបាននូវគោលដៅទឹកប្រាក់សែសិបដុល្លារនេះ ក្នុងនោះគ្រួសារជាង ៣០% រកចំណូលបានលើសពី ១២០ដុល្លារក្នុងមួយខែ។ កសិករពឹងផ្អែកលើការដាំដំណាំជាប្រភពចំណូលធំជាងគេ ប៉ុន្តែប្រភពនៃប្រាក់ចំណូលផ្សេងទៀតអាចមានដូចជា ការបើកកន្លែងលក់ដូរ ឬរកស៊ីខ្នាតតូច រត់ម៉ូតូ លក់នំ នេសាទ លក់កម្លាំងពលកម្ម ឬជួញដូរសត្វពាហនៈ។ ទំនោរដែលកសិករអាចដឹងទុកមុនថា នៅអំឡុងពេលដែលក្តៅបំផុតនៃរដូវប្រាំង ជាពេលដែលដំណាំផ្តល់ទិន្នផលតិចបំផុត គឺជាទំនោរត្រឹមត្រូវ ដោយសារតែដំណាំត្រូវតស៊ូខ្លាំងជាមួយកំដៅថ្ងៃ។ ប៉ុន្តែ ជារឿងគួរឱ្យរីករាយ បច្ចេកទេសដែលគម្រោងបានអនុវត្តដើម្បីជួយកាត់បន្ថយផលប៉ះពាល់ខ្លាំងនៃកំដៅបានជួយឱ្យចម្ការរបស់កសិករអាចសម្របខ្លួនបាន ហើយនៅតែអាចដាំដុះ និងប្រមូលផលបានជាធម្មតា។ តាមរយៈគំនិតបង្កើតថ្មី និងការតស៊ូដ៏ស្វិតស្វាញ កសិករទទួលបាននូវអត្ថប្រយោជន៍ច្រើនជាងភូមិដែលនៅជុំវិញ ដែលផលិតបាននូវផលិតផលមានគុណភាពទាប ជាហេតុនាំឱ្យមានការឡើងចុះតម្លៃនៃផលិតផលតាមចិត្តរបស់ពួកគាត់។
ខណៈដែលការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ ហើយតំបន់ស្ថិតនៅក្នុងខ្សែក្រវាត់ត្រូពិចនៅតែបន្តជាតំបន់រងផលប៉ះពាល់យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរបំផុត កសិករចាំបាច់ត្រូវតែរៀនសម្របខ្លួន។ យើងពិតជាបានសម្របខ្លួន ហើយខណៈពេលដែលអ្នកដទៃកំពុងតស៊ូជាមួយនឹងការលំបាកនេះ យើងកំពុងតែរីកចម្រើន។ ផ្អែកលើតួលេខគួរជាទីពេញចិត្តឆ្នាំ២០១០ សុវណ្ណាបៃតង បានបន្តរីកចម្រើន និងជួយបំផុសគំនិត ក៏ដូចជាជួយដល់ភូមិផ្សេងៗទៀត។ កសិករក្នុងតំបន់អាចទិញសម្ភារៈពីហាងកសិកម្ម ឬទទួលបាននូវការបំពាក់បំប៉នជំនាញនៅលើដីសាកល្បងរបស់ពួកគាត់តាមរយៈបច្ចេកទេសមួយចំនួនរបស់យើងដែលបានអនុវត្តកើតចេញជាផ្លែផ្ការួចមកហើយ។
អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ សុវណ្ណាបៃតងបានវិវត្តខ្លួនក្លាយជាសហគមន៍គំរូមួយ។ សុវណ្ណាបៃតងបង្ហាញពីគំរូនៃការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានឯកសិទ្ធិក្នុងការដឹកនាំសហគមន៍នេះរហូតទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ។ ជាមួយនឹងការចងចាំយ៉ាងច្បាស់អំពីចំណុចចាប់ផ្តើមរបស់យើង ចាស់ទុំមកពីតំបន់ជីផាត និងអតីតក្រុមការងារពោរពេញដោយបទពិសោធន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ យើងមានមោទនភាពជាខ្លាំង ខណៈពេលដែលយើងឆ្លុះបញ្ចាំងពីដំណើរដ៏វែងឆ្ងាយរបស់យើងមកដល់ពេលនេះ។
នៅចំពោះមុខបុគ្គលទុដ្ឋិនិយម និងការរិះគន់អវិជ្ជមានជាច្រើន យើងបានបន្តដំណើរយ៉ាងម៉ឺងម៉ាត់លើមាគ៌ាដែលយើងបានចាប់ផ្តើម។ ខណៈដែលគេមើលឃើញបេសកកម្មរបស់យើងជាបញ្ហាប្រឈមដែលគ្មានដំណោះស្រាយ ឬជាការប្តេជ្ញាចិត្តខ្ពស់ខ្លាំងពេកដើម្បីសម្រេចបាន យើងកំណត់ខ្លួនឯងឱ្យឆ្ពោះទៅមុខមិនរុញរា ហើយភាពជោគជ័យមួយនេះហាក់បង្ហាញនូវភាពលេចធ្លោលុបបាត់អង្គការដែលមានគំនិតរាក់កំផែលមួយចំនួន៕